(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក ហ្កាប្រ៊ីយែលលីយូស លែនស្បឺហ្គីស (Gabrielius Landsbergis) បាននិយាយថា ប្រទេសរបស់លោកនឹងប្រឹងប្រែងសម្របខ្លួន ទៅនឹងផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលខ្លី ហើយជំរុញឱ្យអឺរ៉ុបបង្កើនការចូលរួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការកត់សម្គាល់ខាងលើរបស់លោក Gabrielius Landsbergis ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធសប្ដាហ៍នេះ និងចំពេលទំនាក់ទំនងរវាងចិន និងលីទុយអានី កំពុងមានភាពតានតឹងនឹងគ្នា បន្ទាប់ពីលីទុយអានីអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាងប្រចាំរដ្ឋធានីរបស់ខ្លួន ដោយមិនខ្វល់ពីការជំទាស់ពីទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីការបរទេសលីទុយអានីបានបញ្ជាក់បន្ថែមទៀតថា ចិនមិនត្រឹមតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុននៅក្នុង ប្រទេសលីទុយអានីប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងប៉េកាំងក៏បានដាក់សម្ពាធឱ្យប្រទេសដទៃ កុំរកស៊ីជាមួយលីទុយអានីផងដែរ។

តែទោះជាបែបនេះក្ដី លោក Landsbergis នៅតែអះអាងថា ទណ្ឌកម្មរបស់ចិននឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចលីទុយអានី ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយថាប្រទេស របស់លោក នឹងសម្របខ្លួនទៅក្នុងពេលវេលាដ៏លំបាកនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន ខណៈបណ្ដាប្រទេសនៅអឺរ៉ុប ក៏គួរតែបង្កើនការចូលរួមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ ដើម្បីទប់ទល់ជាមួយចិន។

គួរបញ្ជាក់ថា ប្រទេសចិន បានបន្ទាបទំនាក់ទំនងការទូតជាមួយលីទុយអានី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ជាការឆ្លើយតបទៅនឹងប្រទេសក្នុងតំបន់បាល់ទិចមួយនេះ ដែលអនុញ្ញាតឱ្យកោះតៃវ៉ាន់ បើកការិយាល័យតំណាង ដែលមានឋានៈប្រហាក់ប្រហែលនឹងស្ថានទូត នៅក្នុងរដ្ឋធានី Vilnius ស្របពេលលីទុយអានីមានទំនាក់ទំនងផ្លូវការជាមួយចិន មិនមែនកោះតៃវ៉ាន់ឡើយ៕