(រ៉ង់ហ្គូន)៖ អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនគ្រូពេទ្យ១៨នាក់ ដោយចោទថាពួកគេបានព្យាបាលអ្នកជំងឺជាច្រើននាក់ដែលជាសមាជិកអង្គការភេរវកម្ម ដោយចង់សំដៅទៅលើក្រុមចលនាប្រឆាំងនឹងរបបយោធាសព្វថ្ងៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានឱ្យដឹងទៀតថាក្រុមគ្រូពេទ្យទាំង១៨នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការវាយឆ្មក់ មួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯវិហារគ្រឹស្ដមួយកន្លែងក្នុងទីក្រុង Loikaw នៃរដ្ឋ Kayah ស្ថិតនៅភាគខាងកើតនៃប្រទេស ជាទីដែលអ្នកជំងឺ៤៨នាក់ ក្នុងនោះ មាន ៧នាក់ឆ្លង COVID-19 ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យទាំងនេះ។ Global New Light of Myanmar បានបញ្ជាក់បន្ថែមដូច្នេះថា «ក្រុមគ្រូពេទ្យដែលត្រូវបាន ឃាត់ខ្លួន បានលួចលាក់ព្យាបាលអ្នករងរបួស និងអ្នកជំងឺដែលជាសមាជិកអង្គការភេរវកម្ម»។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar មិនបានបញ្ជាក់ពីឈ្មោះអង្គការភេរវកម្មណាមួយនោះឡើយ ដោយគ្រាន់តែឱ្យដឹងថាគ្រូពេទ្យ១៨នាក់ខាងលើ អាចនឹងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់៕