Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនព្រមាន៖ ក្រុមហ៊ុន និងបុគ្គលទាំងឡាយណា ដែលគាំទ្រចលនាឯករាជ្យតៃវ៉ាន់ នឹងមិនអាចចូលមករកស៉ី លើទឹកដីចិនបានឡើយ (Video inside)

24-11-2021 15:55

(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលចិននៅថ្ងៃពុធនេះបានថ្លែងថា ក្រុមហ៊ុន និងបុគ្គលទាំងឡាយណា ដែលដើរតួនាទីជាអ្នកគាំទ្រដល់ក្រុមចលនា ទាមទារឯករាជ្យនៅកោះតៃវ៉ាន់ នឹងគ្មានថ្ងៃត្រូវអនុញ្ញាតឲ្យរកចំណូល នៅក្នុងប្រទេសចិនដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន បានគូសបញ្ជាក់ដូចខាងលើ ដើម្បីឆ្លើយតបទៅនឹង សំណួររបស់ក្រុមអ្នកសារព័ត៌មាន ពាក់ព័ន្ធជាមួយបញ្ហានេះ។ អ្នកនាំពាក្យចិនបាននិយាយថា មិនមានក្រុមហ៊ុន ឬបុគ្គលណាមួយ ដែលគាំទ្រសកម្មភាពចង់ទាមទារឯករាជ្យនៅតៃវ៉ាន់ ហើយបំផ្លាញទំនាក់ទំនង នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អាចធ្វើប្រតិបត្តិការរកស៉ីរបស់ពួកគេ នៅក្នុងប្រទេសចិន ស្របពេលជាមួយគ្នាបានឡើយ។

យ៉ាងណាមិញ លោកស្រី Zhu បានបន្ថែមថា អាជ្ញាធរចិននៅតែបន្តលើកទឹកជំរុញ និងគាំទ្រឲ្យមានការធ្វើពាណិជ្ជកម្ម ក៏ដូចជាជំនួញផ្សេងៗ ឆ្លងកាត់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយចិននឹងធានាការពារនូវ សិទ្ធិសេរីភាព និងផលប្រយោជនស្របច្បាប់របស់បុគ្គល និងក្រុមហ៊ុនទាំងឡាយ៕