(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,០១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៣៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៨៣៥,២១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៦,២១៧នាក់ និងជាសះស្បើយឡើងសរុប ៣៨.៧១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺនៅសហរដ្ឋអាមេរិក បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា ភាគច្រើននៃប្រជាជនអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ពួកគេគួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់ «ដូសជំរុញ» បន្ថែមទៀត ហើយដូសជំរុញនេះ អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៣លានដូស ក្នុងនោះប្រជាជន ២៣០.៧៣លាននាក់ (៧០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៦លាននាក់ (១០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕