(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះថា ខ្លួននឹងបញ្ចេញប្រេងចំនួន៥០ លានបារ៉ែល ពីស្តុកកម្រុងទុកជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងចក្រភពអង់គ្លេស ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅនៅក្នុងទីផ្សារអន្តរជាតិ បន្ទាប់ពីបណ្តាក្រុមប្រទេសអ្នកផលិតប្រេងហៅកាត់ថា OPEC+ បានបដិសេធការអំពាវនាវឱ្យបង្កើនមរិមាណបូមប្រេង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីប្រភពមួយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងរៀបចំផែនការជាមួយបណ្តា ប្រទេសអ្នកប្រើប្រាស់ថាមពលនៅអាស៊ីសំខាន់ៗ ដើម្បីជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះពីកម្រិតខ្ពស់ក្នុងរយៈពេលជិតបីឆ្នាំមកនេះ។

ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលប្រឈមមុខនឹងការវាយតម្លៃទាប ចំពេលអតិផរណាកើនឡើងនៅមុនការបោះឆ្នោតសភាឆ្នាំក្រោយ បានអំពាវនាវម្តងហើយម្តងទៀតឱ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថាជា OPEC+ ឱ្យបូមប្រេងបន្ថែមទៀត។

ប៉ុន្តែអង្គការមួយនេះបានច្រានចោលសំណើទាំងនេះ ថ្បិតថា សមាជិកក្រុមប្រទេសអ្នកនាំចេញប្រេងនេះ បាននិងកំពុងធ្វើការយ៉ាងលំបាកដើម្បីសម្រេចបាននូវគោលដៅបង្កើនផលិតកម្មបច្ចុប្បន្នរបស់ខ្លួន ខណ៉ដែលព្រួយបារម្ភពីការវិលត្រឡប់មកវិញ នៃករណីឆ្លងជំងឺកូវីដ១៩ ដែលអាចនឹងធ្វើឱ្យតម្រូវការធ្លាក់ចុះម្តងទៀត៕។

គួរបញ្ជាក់ថា ការបញ្ចេញស្តុកប្រេងកម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនេះ នឹងស្ថិតក្នុងទម្រង់នៃការផ្តល់កម្ចីទៅឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនេះត្រូវតែសងប្រេងត្រឡប់មកនៅពេលក្រោយ។ មន្ត្រីអាមេរិកនិយាយថា នេះជាលើកទីមួយហើយដែលអាមេរិកសម្របសម្រួល ក្នុងការបញ្ចេញប្រេងឲ្យក្រុមប្រទេសប្រើប្រាស់ប្រេងធំជាងគេមួយចំនួនរបស់ពិភពលោក៕