(សូហ្វីយ៉ា)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសប៊ុលហ្ការី (BTA) នៅព្រឹកថ្ងៃអង្គារនេះបានរាយការណ៍ឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤៥នាក់បានស្លាប់នៅក្នុង គ្រោះថ្នាក់រថយន្តក្រុងដ៏រន្ធត់មួយ នៅភាគខាងលិចនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមការលើកឡើងរបស់ប្រធាននាយកដ្ឋានសុវត្ថិភាពអគ្គិភ័យ នៅក្រសួងមហាផ្ទៃនៃប្រទេសប៊ុលហ្ការី មនុស្ស ០៧នាក់ក៏បានរងរបួសដោយការរលាកផងដែរ បន្ទាប់ពី រថយន្តក្រុងខាងលើ បានបើកបុករនាំងពុះចែកផ្លូវហាយវេ និងបានផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ប៉ុន្តែពួកគេត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់ក្នុងរដ្ឋធានី Sofia ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ០២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅប្រទេសប៊ុលហ្ការី) នៅលើផ្លូវហាយវេប្រហែល ៤០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានី Sofia។ មូលហេតុ នៃសោកនាដកម្មនេះនៅមិនទាន់កំណត់បាននៅឡើយទេ៕