(ម៉ានីល)៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន លោក Marcos Jr បានអះអាងថាលោកបានទទួលការធ្វើតេស្ដរកសារធាតុញៀនកូកាអ៉ីន (cocaine) បន្ទាប់ពី លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ បានចោទប្រកាន់ដោយមិនបានបញ្ជាក់អត្តសញ្ញាណថាមានបេក្ខជនប្រធានាធិបតីម្នាក់កំពុងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Marcos Jr ជាកូនប្រុសអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos និងជាបេក្ខជនប្រធានាធិបតីលេចធ្លោរម្នាក់ដែលមានបំណងបន្តវេនពីលោក ឌូតើតេ នៅឆ្នាំ២០២២ខាងមុខនេះ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ជាមួយការបញ្ជាក់ថាលោកបានធ្វើតេស្ដរកសារធាតុញៀន កាលពីថ្ងៃចន្ទម្សិលមិញ ហើយក៏បានដាក់ «លទ្ធផលធ្វើតេស្ដអវិជ្ជមាន» ឱ្យខាងប៉ូលិសត្រួតពិនិត្យផងដែរ។

គួរបញ្ជាក់ថា លោក ឌូតើតេ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចោទប្រកាន់ដោយមិនបានបញ្ជាក់អត្តសញ្ញាណថាមានបេក្ខជនប្រធានាធិបតីម្នាក់កំពុងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។ ក្រៅតែពីលោក Marcos Jr បេក្ខជនប្រធានាធិបតីដទៃទៀតដូចជាលោក Francisco Domagoso និងលោក Manny Pacquiao ក៏បានបដិសេធ ចំពោះការចោទប្រកាន់នេះដែរ បើទោះជាអតីតស្ដេចប្រដាល់អាស៊ីរូបនេះទទួលស្គាល់ថាលោកធ្លាប់បានប្រើប្រាស់កញ្ឆារ និងម៉ាទឹកកក កាលពីនៅក្មេងក៏ដោយ៕