សារព័ត៌មានអាមេរិកចុះផ្សាយបន្ថែមទៀត អំពីឥទ្ធិពលនៃមីស៉ីលលឿនជាងសំឡេង ដែលចិនបានធ្វើតេស្តកាលពីខែកក្កដា
23-11-2021 08:52
(វ៉ាស៊ីនតោន)៖ យោងតាមកាសែត Financial Times និង Wall Street Journal បានចុះផ្សាយនៅដើមសប្តាហ៍នេះថា ការធ្វើតេស្តគ្រាប់មីស៊ីលលឿមជាងសំឡេង ដែលមានសមត្ថភាពហោះព័ទ្ធជុំវិញផែនដីរបស់ចិន កាលពីខែកក្កដាកន្លងទៅនេះ គឺមានទាំងការបាញ់មីស៊ីលមួយគ្រាប់ ចេញពីយានយន្តកំពុងចល័តក្នុងល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមកផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
កាសែតអាមេរិកទាំងពីរខាងលើនេះ ថែមទាំងបានសរសេរទៀតថា ការធ្វើតេស្តលើកនោះ ពិតជាបង្ហាញនូវការអភិវឌ្ឍជាយុទ្ធរបស់ចិនយ៉ាងពិតប្រាកដ ទៅលើអាវុធដែលមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរ កាន់តែខ្លាំងលើសពីអ្វីដែលគ្រប់គ្នាបានគិតពីមុនមក ហើយវាពិតជាបានធ្វើឲ្យមន្ត្រីនានា នៅមន្ទីរបញ្ចកោណអាមេរិក ភ្ញាក់ផ្អើលជាខ្លាំង។
គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី សុទ្ធតែមិនទាន់មានសមត្ថភាពបាញ់គ្រាប់មីស៊ីល ដែលអាចហោះលឿនជាងល្បឿនសំឡេង ៥ដង ចេញពីរថយន្តចល័តក្នុងល្បឿនលឿនបែបនេះឡើយ។ កាសែតអាមេរិកទាំងពីរ បានអះអាងទៀតថា ការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិន កាលពីថ្ងៃទី២៧ ខែកក្កដា បានធ្វើឲ្យប្រទេសលោកខាងលិច ស្រឡាំងកាំងរួចទៅហើយ។
យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងកន្លងមកនេះ ធ្លាប់បានចេញមុខច្រានចោលសេចក្តីរាយការណ៍ នៃកាសែត Financial Times រួចមកហើយ ដោយចាត់ទុកថា «មិនត្រឹមត្រូវ»។ ចិនអះអាងថា នោះជាការធ្វើសាកល្បងយានអវកាស ដោយផ្តោតលើបច្ចេកវិទ្យា ដែលអាចប្រើឡើងវិញបានប៉ុណ្ណោះ និងមិនមែនជាការធ្វើតេស្តគ្រាប់មីស៊ីល លឿនជាងសំឡេងអ្វីនោះឡើយ៕