(ប៉េកាំង)៖ ភូគព្ភវិទូចិនចំនួន ០៤នាក់ដែលបាត់ខ្លួន កាលពីជាង០១សប្ដាហ៍មុន ទីបំផុតត្រូវបានគេរកឃើញសាកសព នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកទាំង០៤ មកពីមជ្ឈមណ្ឌលត្រួតពិនិត្យធនធានធម្មជាតិទីក្រុងគួនមីង (Kunming) នៃមន្ទីរភូគព្ភសាស្រ្តរបស់ប្រទេសចិន ធ្វើដំណើរចូលទៅក្នុងតំបន់ជួរភ្នំអៃឡៅ (Ailao) កាលពីថ្ងៃទី១៣ ខែវិច្ឆិកានេះ ដើម្បីពិនិត្យមើលធនធានព្រៃឈើ។
រយៈពេល ០២ថ្ងៃក្រោយមក អាជ្ញាធរក្នុងស្រុក ចិនយ័ន (Zhenyuan County) ដែលជាកន្លែងចាប់ផ្តើមចេញដំណើររបស់អ្នកទាំង៤ បានទទួលរបាយការណ៍ថា ការទាក់ទងជាមួយក្រុមអ្នកស្រាវជ្រាវនោះ គឺបានដាច់។ គិតមកទល់ពេលនេះ មនុស្សជាង៥៦០នាក់ ត្រូវបានចល័ត សម្រាប់បេសកកម្មរុករកនិងជួយសង្គ្រោះ។
គួរបញ្ជាក់ថា តំបន់ជួរភ្នំអៃឡៅ ស្ថិតនៅចំកណ្តាលខេត្តយូណាន (Yunnan) និងជាព្រំប្រទល់រវាងតំបន់ខ្ពង់រាបយូណាន-គួយចូវ (Guizhou) ហើយនិងជួរភ្នំ ហេងទ័ន (Hengduan)។ មួយផ្នែកធំរបស់វា ត្រូវបានអាជ្ញាធរចិន ចាត់បញ្ចូល ជាតំបន់អភិរក្សធម្មជាតិថ្នាក់ជាតិ៕