(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាលោកទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ ឬដូសជំរុញរួចរាល់ហើយ ខណៈរុស្ស៊ី កំពុងតស៊ូប្រយុទ្ធនឹងរលកឆ្លងថ្មីនៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ពូទីន ធ្វើការអះអាងខាងលើនៅក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya 24 កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាស នោះ ប្រធានាធិបតីរុស្ស៊ីរូបនេះបានបញ្ជាក់ដូច្នេះថា «ខ្ញុំបានចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ ដោយប្រើវ៉ាក់សាំង Sputnik V កាលពី២ម៉ោងមុននេះ ដោយមិន មានការឈឺចាប់អ្វីទាំងអស់»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer រុស្ស៊ីបច្ចុប្បន្នមានអ្នកឆ្លង ៩.៣លាននាក់ ក្នុងនោះស្លាប់ ២៦៤,០៩៥នាក់ និងជាសះស្បើយឡើងវិញជាង ៨លាននាក់៕