(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៧,៤៨៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៥៩២,៨១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៣,៦៥១នាក់ និងជាសះស្បើយឡើងសរុប ៣៨.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រុមគ្រូពេទ្យកុមារនៅទូទាំងសហរដ្ឋអាមេរិក បានជំរុញឲ្យឪពុកម្តាយទាំងអស់ ដែលមានកូនគ្រប់អាយុត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រញាប់ប្រញាល់នាំពួកគេទៅទទួលការចាក់ជាបន្ទាន់ ខណៈករណីឆ្លងប្រចាំថ្ងៃបានលោតដល់ខ្ទង់ ១សែនករណីឡើងវិញហើយ ខណៈករណីស្លាប់វិញ ក៏ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥០លានដូស ក្នុងនោះប្រជាជន ២៣០លាននាក់ (៦៩.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩៥លាននាក់ (៥៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕