(សេអ៊ូល)៖ លទ្ធផលនៃការស្ទង់មតិថ្មីមួយបានបង្ហាញថា បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងទាំងពីររូប គឺលោក យូន ស៊ុកយួល (Yoon Seok-you) មកពីគណបក្សកម្លាំងប្រជាជន (PPP) ដែលជាបក្សប្រឆាំង និងលោក លី ចេម្យុង (Lee Jae-myung) មកពីគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សកំពុងកាន់អំណាច ទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នាព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
លទ្ធផលបង្ហាញចេញនៅថ្ងៃចន្ទនេះ គឺបានមកពីវិទ្យាស្ថានស្រាវជ្រាវសង្គមកូរ៉េ (KSPOI) ដែលបានធ្វើការស្ទង់មតិទៅលើមនុស្សពេញវ័យនៅកូរ៉េខាងត្បូង សរុបចំនួន ១,០០៧នាក់ កាលពីសប្តាហ៍មុន។ នៅក្នុងនោះលោក Yoon ទទួលបានសំឡេងគាំទ្រ ៤០% និងលោក Lee ទទួលបាន ៣៩.៥% (ទាបជាងលោក Yoon តែ ០.៥%ប៉ុណ្ណោះ)។ បើគិតពីអត្រានៃការគាំទ្រវិញ លោក Yoon បានធ្លាក់ចុះ ៥.៦% បើធៀបនឹងសប្តាហ៍មុន ខណៈលោក Lee បានមើលឃើញកំណើន ៧.១% វិញ បើនឹងសប្តាហ៍មុនដូចគ្នា។
ងាកទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae-in) ដែលកំពុងកាន់អំណាចវិញ ការគាំទ្ររបស់លោកពីសំណាក់ប្រជាជន បានកើនឡើងវិញរហូតដល់ ៣៩.៥% (២.២% លើសកាលពីសប្តាហ៍មុន)។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានចែងថា ប្រធានាធិបតីមួយរូបអាចកាន់អំណាចបានតែ ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល ៥ឆ្នាំ៕