(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍ មកពីបណ្ដាប្រទេសជាសមាជិក G7 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន នៅក្នុងទីក្រុង Liverpool ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែធ្នូខាងមុខនេះ។ នេះបើតាមក្រសួងការបរទេសអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអង់គ្លេសបានឱ្យដឹងថាកិច្ចប្រជុំកំពូលនេះនឹងផ្តោតជាសំខាន់លើការដោះស្រាយបញ្ហាជាច្រើនដូចជា ស្ដារសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិ COVID-19, សុខាភិបាលសកល និងសិទ្ធិមនុស្សជាដើម។ ដោយឡែក នៅក្នុងចំណោមរដ្ឋមន្ត្រីដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល ខាងលើក៏មានផងដែរ រដ្ឋមន្ត្រីមកពីបណ្ដាប្រទេសអាស៊ានដូចជាម៉ាឡេស៊ី, ថៃ និងឥណ្ឌូណេស៊ី ហើយដែលនេះនឹងក្លាយជាលើកដំបូងបំផុតដែលអាស៊ានត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G7។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអង់គ្លេស មិនបានលើកឡើងពីឈ្មោះប្រទេសមីយ៉ាន់ម៉ានោះទេ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាល អង់គ្លេស ធ្លាប់បានអះអាងកាលពីថ្ងៃទី២១ ខែកញ្ញាកន្លងទៅនេះថាមេដឹកនាំនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសព្វថ្ងៃ នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុង កិច្ចប្រជុំកំពូលនេះឡើយ៕