(ប៊ែរឡាំង)៖ អ្នកនយោបាយអាល្លឺម៉ង់មួយចំនួនកំពុងជជែកពិភាក្សាគ្នា អំពីការធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្លាជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋ ដោយសារការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ចំពេលអត្រាចាក់វ៉ាក់សាំងមានកម្រិតទាបបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
សមាជិកមួយចំនួននៃគណបក្សកាន់អំណាចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានអះអាងថា រដ្ឋាភិបាលគួរតែណែនាំអំពីការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីជំរុញអត្រាចាក់វ៉ាក់សាំង ដែលមានកម្រិតទាបនៅប្រទេសអាល្លឺម៉ង់ត្រឹមតែ ៦៨ភាគរយ នោះត្រូវបានបរាជ័យ។
លោក ធីលម៉ាន់ គូបាន (Tilman Kuban) ប្រធានក្រុមយុវជននៃគណបក្ស សហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) របស់លោកស្រី Angela Merkel បានសរសេរសារនៅក្នុងកាសែតអាល្លឺម៉ង់ ដាយ វែលត៍ (Die Welt) ថា «យើងបានឈានដល់ចំណុចមួយ ដែលយើងត្រូវតែនិយាយយ៉ាងច្បាស់ថា យើងត្រូវការធ្វើឱ្យការចាក់វ៉ាក់សាំង ក្លាយទៅជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋ និងការបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំង»។
ការជជែកពិភាក្សាគ្នានេះបានកើនឡើង ខណៈអត្រាឆ្លងជំងឺ COVID-19 ក្នុងរយៈពេល ០៧ថ្ងៃចុងក្រោយនេះនៅអាល្លឺម៉ង់ បានកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្តើមផ្ទុះឡើង។ មន្ទីរពេទ្យមួយចំនួន ក៏ត្រូវបានរាយការណ៍រួចហើយថា មិនមែនកន្លែងសម្រាប់ទទួលអ្នកជំងឺទៀតទេ។ សរុបមក គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសអាល្លឺម៉ង់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ជាង ៥.៣៥លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩៩,០០០នាក់៕