(ស៊ីដនី)៖ អូស្ត្រាលី អាចនឹងប្រកាសនៅថ្ងៃចន្ទនេះ ពីផែនការបន្ធូរបន្ថយវិធានការរឹតត្បិតព្រំដែនអន្តរជាតិ ដោយអនុញ្ញាតឱ្យជនអន្តោប្រវេសន៍មានជំនាញ និងនិស្សិត អាចធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួនឡើងវិញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
សារព័ត៌មាន Australian Financial Review ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលីម្នាក់ បានឱ្យដឹងថារដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី មានផែនការ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ដែលជាកម្មករជំនាញ ជាពិសេសមកពីកូរ៉េខាងត្បូង និងជប៉ុន ត្រឡប់ចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នៅមុនថ្ងៃបុណ្យណូអែល។ លោក ចូស ហ្រ្វៃដិនបឺគ (Josh Frydenberg) ជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បានបញ្ជាក់ដូច្នេះថា «ការបើកព្រំដែនរបស់យើង ឡើងវិញប្រកបដោយសុវត្ថិភាព សម្រាប់ជនអន្តោប្រវេសន៍ជាកម្មករជំនាញ និងនិស្សិតមកពីបរទេសអាចនឹងជួយពន្លឿនការស្ដារសេដ្ឋកិច្ចរបស់យើង តាមរយៈ ការជួយដោះស្រាយកង្វះខាតកម្លាំងពលកម្ម»។
គួរបញ្ជាក់ថា អូស្ត្រាលីបានសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ជាមួយការអនុវត្តវិធានការរឹតត្បិត យ៉ាងតឹងរ៉ឹង។ បច្ចុប្បន្ន អូស្ត្រាលីមានអ្នកឆ្លង COVID-19 ប្រមាណ ២០០,០០០នាក់ ក្នុងនោះស្លាប់ ១,៩៤៨នាក់៕