(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីការបន្ទាបចំណងការទូតរបស់ខ្លួន ជាមួយនិងប្រទេសលីទុយអានី ដើម្បីបង្ហាញពីការជំទាស់ជាខ្លាំង ចំពោះរដ្ឋាភិបាលទីក្រុងវីលនីញូស ដែលអនុញ្ញាតឲ្យតៃវ៉ាន់បង្កើតការិយាល័យតំណាង នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងការបរទេសចិន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លីទុយអានីមិនអើពើចំពោះគោលជំហរបស់រដ្ឋាភិបាលចិន, មិនខ្វល់ពីស្ថានការណ៍រួមនៃទំនាក់ទំនងទ្វេភាគី និងមិនគោរពតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ តាមរយៈការអនុញ្ញាតឲ្យ តៃវ៉ាន់បង្កើតការិយាល័យតំណាង នៅក្នុងប្រទេសខ្លួន។ ទីក្រុងប៉េកាំងសូមទទូចឲ្យលីទុយអានី កែតម្រូវកំហុសឆ្គងនេះ ឲ្យបានឆាប់តាមធ្វើទៅបាន»

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២១នេះ ចិនបានទាមទារឲ្យលីទុយអានី ហៅទូតរបស់ខ្លួននៅទីក្រុងប៉េកាំង ឲ្យត្រឡប់ទៅប្រទេសវិញ ហើយទីក្រុងប៉េកាំងបានអះអាងថា នឹងកោះហៅតំណាងរបស់ខ្លួននៅទីក្រុងវីលនីញូស ត្រឡប់មកវិញផងដែរ ក្រោយតៃវ៉ាន់បានប្រកាសថា ការិយាល័យខ្លួននៅលីទុយអានី នឹងត្រូវហៅថា ការិយាល័យតំណាងតៃវ៉ាន់។ ការិយាល័យដទៃទៀតរបស់តៃវ៉ាន់ ប្រចាំនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក គឺប្រើប្រាស់ឈ្មោះទីក្រុងតៃប៉ិ មិនមែនឈ្មោះតៃវ៉ាន់ចំបែបនេះឡើយ៕