(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,០០៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៥៩១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០៦៤,៥៨១ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៣៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩៥៦,២៩៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៨.២៤លានដូស ក្នុងនោះប្រជាជន ៣៨.៧៦លាននាក់ (៥៥.៨២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕