(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះបានបដិសេធចំពោះរបាយការណ៍មួយដែលថា បេសកជនពិសេសរបស់ខ្លួន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយផ្សះផ្សាការដោះលែងអ្នកកាសែតអាមេរិកមា្នក់ គឺលោក ដេននី ហ្វេនស្ទើ (Danny Fenster) ចេញពីពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Danny Fenster អាយុ៣៧ឆ្នាំ ជាអ្នកកាសែតអាមេរិកម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានដោះលែងកាលពីថ្ងៃចន្ទមិ្សលមិញនេះ ពោលគឺរយៈពេល០៣ថ្ងៃ បន្ទាប់ពីលោកត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំពីបទញុះញង់, បំពានច្បាប់អន្តោប្រវេសន៍ និងគាំទ្រក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សធ្វើសកម្មភាពខុសច្បាប់។ លោកត្រូវបានចាប់ឃុំខ្លួន តាំងពីខែឧសភា ឆ្នាំ២០២១នេះ។

ទូរទស្សន៍ មីយ៉ាវ៉ាដឌី (Myawaddy) ដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញថា លោក Danny Fenster បានទទួលការលើកលែងទោស បន្ទាប់ពីមានការស្នើសុំពីអតីតអភិបាលរដ្ឋ និងជាអ្នកការទូតរបស់សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងយូរអង្វែងជាមួយប្រទេសមីយ៉ាន់ម៉ា គឺលោក បៀល រីឆាដសុន (Bill Richardson) ដែលត្រូវគេដឹងជាចំហថា គឺជាអ្នកនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងជួយឱ្យមានការដោះលែងនេះ។

ប៉ុន្តែជាការភ្ញាក់ផ្អើលមួយ ទូរទស្សន៍ខាងលើ ក៏បានទទួលស្គាល់កិច្ចចូលរួមចណែករបស់លោក យូហី សាសាកាវ៉ា (Yohei Sasakawa) ដែលជាបេសកជនពិសេសរបស់ប្រទេសជប៉ុន ប្រចាំប្រទេសមីយ៉ាន់ម៉ា ព្រមទាំងអតីតរដ្ឋមន្ត្រីជប៉ុន លោក ហ៉ីដូ វ៉ាតាណាប៊ី (Hideo Watanabe) ផងដែរ សម្រាប់ការជួយសម្របសម្រួលឲ្យមាន ការដោះលែងអ្នកកាសែតអាមេរិក៕