(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ា ទើបតែបានធ្វើការចោទប្រកាន់បន្ថែមទៀត លើអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ពីបទបន្លំការបោះឆ្នោតកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ចាប់តាំងតែពីត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី ស៊ូជី ដែលកំពុងបន្តស្ថិតក្រោមការឃុំឃាំង បានរងការចោទប្រកាន់ជាបន្តបន្ទាប់ រួមមានទាំងបទកាន់កាប់ឧបករណ៍វិទ្យុទាក់ទងដោយខុសច្បាប់, បទញុះញង់ឲ្យមានអំពើបះបោរ, និងបទពុករលួយ ជាដើម ហើយប្រសិនបើត្រូវតុលាការ រកឃើញថាមានកំហុសមែននោះ គឺលោកស្រី អាចប្រឈមការជាប់ពន្ធនាគាររាប់សិបឆ្នាំ។
នៅថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា លោកស្រី ស៊ូជី ទើបរងការចោទប្រកាន់ថ្មីទៀតពី បទបន្លំការបោះឆ្នោតកាលពីឆ្នាំ២០២០។ ក្រៅពីលោកស្រី មន្រ្តី១៥រូបទៀត រួមមានទាំង អតីតប្រធានាធិបតី លោក យូ វីន ម្យីនត៍ (U Win Myint) ហើយនិងអតីតប្រធានគណៈកម្មការបោះឆ្នោត ក៏បានរងការចោទប្រកាន់ដូចគ្នានេះដែរ។
គួរបញ្ជាក់ថា គណបក្ស NLD របស់លោកស្រី ស៊ូជី បានមើលឃើញការគាំទ្រកើនឡើងយ៉ាងលើសលុប ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បើធៀបការបោះឆ្នោតឆ្នាំ២០១៥។ យ៉ាងណាក្តី យោធាមីយ៉ានម៉ា បានអះអាងថា ការលទ្ធផលនៃការបោះឆ្នោតនោះ ទទួលបានដោយការបន្លំ ដូច្នេះហើយទើបខ្លួនសម្រេចចិត្តធ្វើរដ្ឋប្រហារ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រី ស៊ូជី។ ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានសន្យាថា ការបោះឆ្នោតថ្មីមួយ នឹងរៀបចំឡើងនៅប៉ុន្មានឆ្នាំខាងមុខ៕