(បេកាំង)៖ តើរបបប្រជាធិបតេយ្យរបស់ប្រទេសមួយល្អ ឬមិនល្អ? បញ្ហាគន្លឹះគឺនៅត្រង់ តើប្រជាជនអាចធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ ឬអត់ ជាការធ្វើតេស្តចំពោះរបបប្រជាធិបតេយ្យ។

"ប្រជាធិបតេយ្យបែបលោកខាងលិច កំពុងស្ថិតក្នុងវិបត្តិ"។ វេបសាយកាសែត «EL PAÍS» នៃប្រទេសអេស្ប៉ាញ បានចេញផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះ ដោយបានលើកឡើងថា ទោះបីជាក្នុងសង្គមលោកខាងលិចនាពេលបច្ចុប្បន្ននេះ ពលរដ្ឋមានសិទ្ធិនយោបាយជាច្រើន ដូចជា សិទ្ធិបោះឆ្នោតជាដើមក៏ដោយ ក៏ប៉ុន្តែប្រការទាំងនេះមិនអាចធានាឱ្យពួកគេ ទទួលបានសិទ្ធិអំណាចដែលអាចជះឥទ្ធិពល ដល់សេចកី្តសម្រេចចិត្តខាងនយោបាយនោះទេ ផ្ទុយទៅវិញ មានផ្លូវកាត់ច្រើនពេកសម្រាប់ឱ្យអ្នកមានសិទ្ធិអំណាច អាចធ្វើសេចក្តីសម្រេចចិត្តខាងនយោបាយ នៅក្រៅពីការគិតគូររបស់សាធារណជន។ ការវិភាគទាំងនេះបានលាតត្រដាងដោយចំគោលដៅ នូវគុណវិបត្តិរបស់ប្រជាធិបតេយ្យបែបលោកខាងលិច ហើយធ្វើឱ្យពិភពលោកឃើញច្បាស់ថា "ប្រជាធិបតេយ្យបោះឆ្នោត" ដែលត្រូវប្រទេសលោកខាងលិចមួយចំនួន ចាត់ទុកជាមោទនភាព នោះតាមការពិតគឺជា "កលល្បិច" សម្រាប់អ្នកមាន តែមិនមែនជាប្រជាធិបតេយ្យដ៏ពិតប្រាកដនោះទេ។

តើអ្វីជាប្រជាធិបតេយ្យដ៏ពិតប្រាកដ? សេចកី្តប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានបូកសរុបនូវការអនុវត្តជាក់ស្តែង ក្នុងកិច្ចការកសាងនយោបាយប្រជាធិបតេយ្យរបស់ប្រទេសចិន ដោយសង្កត់ធ្ងន់នូវប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល និងធានាឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ។ នេះមិនត្រឹមតែធ្វើឱ្យប្រជាធិបតេយ្យ ត្រឡប់ទៅរកអត្ថន័យដើមប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យសហគមន៍អន្តរជាតិ មានការរិះគន់ និងស្វែងយល់កាន់តែស៊ីជម្រៅ ចំពោះរូបមន្តប្រជាធិបតេយ្យរបស់ប្រទេសចិនផងដែរ។

បើនិយាយចំពោះសង្គមចិន ប្រជាធិបតេយ្យមិនមែនជារបស់ ដែលមកពីបរទេសទាំងស្រុងនោះទេ។ ដើមឡើយ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរលង់របស់ប្រទេសចិន ក៏បានបណ្តុះបណ្តាល និងពូនជ្រំនូវគំនិតប្រជាធិបតេយ្យដ៏សាមញ្ញផងដែរ។ តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានក្រេបយកជាបន្តបន្ទាប់ នូវសមិទ្ធផលដ៏ឆ្នើម នៃអរិយធម៌នយោបាយរបស់ប្រទេសខ្លួន និងពិភពលោក ហើយបានប្រកាន់ខ្ជាប់នូវការធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ។

តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់? ប្រជាជននៃប្រទេសខ្លួន មានសិទ្ធិបញ្ចេញមតិយោបល់បំផុត។ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិថ្មីបំផុត ដែលចេញផ្សាយដោយស្ថាប័នស្ទង់ប្រជាមតិ នៃអាមេរិកបានបង្ហាញឱ្យឃើញថា អត្រាពេញចិត្តរបស់ប្រជាជនចិន ចំពោះបក្សកាន់អំណាច និងរដ្ឋាភិបាលនៃប្រទេសចិនគឺឡើងដល់ ៩៥ ភាគរយ និង ៩៨ ភាគរយដោយឡែកពីគ្នា។ នេះគឺជាចម្លើយដ៏ល្អបំផុតរបស់ប្រជាជនចិន ចំពោះសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

អ្នកនយោបាយលោកខាងលិចទាំងនោះ ដែលតែងតែនិយាយបានតែមាត់ពី "ប្រជាធិបតេយ្យ" ក៏គួរតែមើលទិន្នន័យនៃការស្ទង់ប្រជាមតិមួយក្រុមទៀតដែរ ពោលគឺ យោងតាមលទ្ធផលនៃការស្ទង់ប្រជាមតិ ដែលចេញផ្សាយដោយក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអាមេរិក នៅចុងខែតុលា ឆ្នាំនេះបានបង្ហាញថា អ្នកចូលរួមផ្តល់ប្រជាមតិចំនួន ៥៧ភាគរយនៃទូទាំងពិភពលោក និងអ្នកចូលរួមផ្តល់ប្រជាមតិចំនួន ៧២ភាគរយនៃប្រទេសអាមេរិកបានយល់ឃើញថា អាមេរិកមិនមែនជាគំរូដ៏ល្អខាងប្រជាធិបតេយ្យនោះទេ។

ប្រជាធិបតេយ្យមិនមែនជាប៉ាតង់ របស់ប្រទេសលោកខាងលិចនោះទេ ហើយបណ្តាប្រទេសនានាសុទ្ធតែមានសិទ្ធិ ជ្រើសរើសផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន។ បន្ទាប់ពីឆ្លងកាត់បម្រែបម្រួសយ៉ាងខ្លាំងទាំងជាតិ និងអន្តរជាតិអស់រយៈពេលមួយរយឆ្នាំ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជន ដើរតាមផ្លូវដែលអភិវឌ្ឍប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល។ ផ្លូវនេះបានបំបែក "ទេវកថាប្រជាធិបតេយ្យ" របស់លោកខាងលិច នេះមិនត្រឹមតែបង្ហាញពីជំនឿចិត្តកម្រិតខ្ពស់របស់ប្រជាជនចិន ចំពោះរបបនយោបាយរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានតម្លៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ច្រើនកុះករយកទៅសិក្សារៀនសូត្រ ដើម្បីស្វែងរករូបមន្តប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ប្រទេសខ្លួនផងដែរ៕ (#CCFRComment#)