(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបង្ហាញវត្តមានជាសាធារណៈវិញហើយ បន្ទាប់ពីការបាត់មុខអស់ ១ខែ ដើម្បីត្រួតពិនិត្យមើលគម្រោងអភិវឌ្ឍដ៏សំខាន់មួយ នៅជិតព្រំដែនជាមួយប្រទេសចិន ដែលលោកបានចង្អុលបង្ហាញពី «ឆន្ទៈដ៏រឹងមាំបំផុត» របស់ប្រទេសលោក ដើម្បីសម្រេចបាននូវភាពចម្រុងចម្រើន ខណៈប្រទេសជាតិកំពុងប្រឈម នឹងសម្ពាធពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាម KCNA, លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងទំនើប សាំជីយ៉ុន (Samjiyon) ជុំវិញវឌ្ឍនភាពនៃការសាងសង់នៅក្នុងតំបន់ ដែលលោកហៅថាជា «កន្លែងពិសិដ្ឋបំផុតប្រចាំឧបទ្វីបកូរ៉េ»។ ទីក្រុងទំនើប Samjiyon ស្ថិតនៅក្បែរភ្នំ ផេកទូ (Paektu) ជាទីដែលគ្រួសារត្រកូល គីម ចាត់ទុកថាជាកន្លែងកំណើតរបស់ខ្លួន។

KCNA បាននិយាយបន្ថែមថា ការសាងសង់នៅទីក្រុង Samjiyon អាចត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដែលអាចផ្តល់ឱ្យលោក គីម នូវសមិទ្ធផលជ័យជំនះដែលត្រូវការយ៉ាងខ្លាំង ខណៈលោកនឹងឈានដល់រយៈពេល ១ទសវត្សរ៍នៅក្នុងការគ្រប់គ្រងប្រទេស ចាប់តាំងពីការឡើងកាន់អំណាច បន្ទាបពីអតីតមេដឹកនាំកំពូល គីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់លោក បានទទួលមរណភាពកាលពីខែធ្នូ ឆ្នាំ២០១១។

គួរបញ្ជាក់ថា នៅក្នុងឱកាសខាងលើនេះ លោក គីម បានថ្លែងកោតសរសើរកម្មករចំពោះ «ភាពស្មោះត្រង់ សស្រាក់ស្រាំ និងឆន្ទៈដ៏មុតមាំ» របស់ពួកគេ ដើម្បីជំរុញគម្រោងនេះ ដោយប្រឈមនឹងបរិយាកាសមិនអំណោយផលទាំងឡាយ។ លោក គីម បាននិយាយថា ទីក្រុង Samjiyon នឹងក្លាយជាទិដ្ឋភាពគំរូមួយ នៃការអភិវឌ្ឍនជនបទ៕