(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដោយរំពឹងថាអាចនឹងធ្វើឲ្យកិច្ចសន្ទនាលើកដំបូងនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសន្តិសុខ ខណៈជំនួបតាមវីដេអូនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយបន្ធូរបន្ថយភាពតានតឹង រវាងកំពូលមហាអំណាចសេដ្ឋកិច្ច និងយោធាទាំង ២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង ត្រូវនឹងល្ងាចថ្ងៃចន្ទម៉ោងនៅវ៉ាស៊ីនតោន) លោក បៃដិន បានប្រាប់លោក ស៊ី ជិនពីង យ៉ាងដូច្នេះថា «ប្រហែលជាខ្ញុំគួរតែចាប់ផ្ដើមជំនួបផ្លូវការបន្ថែមទៀត ព្រោះកន្លងមកនេះ អ្នក (លោក ស៊ី ជិនពីង) និងខ្ញុំ មិនដែលមានជំនួបផ្លូវការបែបនេះជាមួយគ្នាឡើយ»

ជាការឆ្លើយតបទៅកាន់ លោក បៃដិន, លោក ស៊ី ជិនពីង បាននិយាយថា លោកពិតជាសប្បាយរីករាយដែលបានជួបពិភាក្សាជាមួយលោក បៃដិន ដែល លោកផ្ទាល់ហៅថាជា «មិត្តចាស់ម្នាក់» ហើយបើតាមលោកប្រធានាធិបតីចិន ប្រទេសទាំង ២ ត្រូវតែបង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលភាគីទាំង ២ កំពុងប្រឈម។ លោក ស៊ី ជិនពីង ក៏បានបន្ថែមដែរថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក, រួមរស់ជាមួយគ្នាក្នុងសន្តិភាព និងបន្តដើរតាមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន រាប់ពីការព្យាយាមស្វែងរកប្រភពដើម COVID-19 ដែលសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា មានចេតនាដាក់បន្ទុកលើចិន, សង្គ្រាមពាណិជ្ជកម្ម, ការបង្កើនឥទ្ធិពលយោធា និងជាពិសេសគឺសំណុំរឿងកោះតៃវ៉ាន់តែម្ដង៕