(ប៉ារីស)៖ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីជាច្រើននៅទ្វីបអឺរ៉ុប និងអាស៉ី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពសត្វពិភពលោក (OIE) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា វាកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការឆ្លងរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី (Avian Influenza) បាននាំឱ្យឧស្សាហកម្មបសុបក្សីស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សី រាប់សិបលានក្បាល។ ការផ្ទុះឡើងក៏នាំឱ្យមានការរឹតបន្តឹង ផ្នែកពាណិជ្ជកម្មផងដែរ។ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកជំនាញខាងផ្នែកជំងឺឆ្លងផងដែរ ព្រោះជំងឺនេះអាចចម្លងទៅមនុស្សបាន។ រហូតមកដល់ពេលនេះ ប្រទេសចិនបានរាយការណ៍ពីការរកឃើញ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន ២១នាក់រួចមកហើយ។

អង្គការ OIE បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់របាយការណ៍ ពីអាជ្ញាធរកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សី នៅកសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៧០,០០០ក្បាល ស្ថិតក្នុងខេត្ត ឆឹងឆុងបាក់ដូ (Chungcheongbuk-do) ហើយសត្វមាន់ទាំងអស់នោះ ត្រូវបានយកទៅសម្លាប់ចោលតែម្ដង។

អង្គការ OIE បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនក៏បានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួន សម្រាប់រដូវរងា ឆ្នាំ២០២១នេះផងដែរ នៅកសិដ្ឋានចិញ្ចឹមមាន់មួយ នៅភាគឦសាននៃប្រទេស។ ការផ្ទុះឡើងនេះ គឺជាជំងឺគ្រុនផ្ដាសាយបក្សី «H5N8»។

ចំណែកនៅទ្វីបអឺរ៉ុប ប្រទេសន័រវេសបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សី (H5N1) នៅក្នុងតំបន់ រ៉ូហ្គាលែន (Rogaland) ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ក្បាល ខណៈប្រទេសប៊ែលហ្ស៉ិក បានដាក់ប្រទេសក្នុងភាពអាសន្ន ចំពោះមុខការកើនឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដោយបញ្ជាឱ្យរក្សាទុកសត្វបក្សីទាំងអស់ នៅទីកន្លែងបិទជិត នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នា ត្រូវបានរកឃើញនៅលើសត្វក្ងានព្រៃ នៅជិតទីក្រុង អាន់ថ្វឺព (Antwerp)៕