(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំពោះការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណប នៅទីអវកាស ដែលសហរដ្ឋអាមេរិកផ្ទាល់ចាត់ទុកថា ជាទង្វើ «គ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីក្រុងវ៉ាស៊ីនតោនមិនបានពន្យល់លម្អិត អំពីការធ្វើតេស្តរបស់រុស្ស៊ីខាងលើនេះឡើយ ប៉ុន្តែលើកនេះត្រូវបានគេដឹងថា ជាលើកទី ៤ ហើយដែលការធ្វើតេស្តកម្ទេចផ្កាយរណប ដោយគ្រាប់មីស៊ីលបាញ់ចេញពីលើដី ត្រូវបានធ្វើឡើង។ សហរដ្ឋអាមេរិកបានអះអាងទៀតថា ខ្លួននឹងបើកកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តទាំងអស់ អំពីបញ្ហានេះ។

កន្លងមកនេះ ក្រុមអ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា ការប្រកួតប្រជែងសព្វាវុធ ដែលឈានទៅដល់ទីអវកាសបែបនេះ នឹងកាន់តែបង្កភាពគ្រោះថ្នាក់ខ្លាំងឡើង ក្នុងនោះក៏មានការផលិតផ្កាយរណប ដែលអាចរុញច្រានផ្កាយរណបដូចគ្នា ចេញពីគន្លងតារាវិថី ព្រមជាមួយអាវុធឡាស៊ែរផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសរុស្ស៊ីបានធ្វើតេស្ត គ្រាប់មីស៊ីលបាញ់កម្ទេចផ្កាយរណបមួយគ្រឿងរបស់ខ្លួន ប្រកបដោយជោគជ័យ។ ការធ្វើតេស្តនេះត្រូវបានសហរដ្ឋអាមេរិកអះអាងថា បានបង្កឲ្យកម្ទេចកម្ទីផ្កាយរណប យ៉ាងហោចណាស់ ១,៥០០បំណែក អណ្តែតពាសពេញទីអវកាស ដែលជាហេតុបង្ខំឲ្យក្រុមអវកាសយានិក នៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ស្វែងរកទីកន្លែងជ្រកកោណជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព៕