(កង់បេរ៉ា)៖ រដ្ឋអូស្ត្រាលីខាងត្បូង (South Australia) នៅថ្ងៃចន្ទនេះបានប្រកាសពីការផ្លាស់ប្តូរចំណុចសំខាន់ៗ ចំពោះការតម្រូវការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 មុនពេលបើកព្រំដែនរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ស្ទេវិន ម៉ាហ្សល (Steven Marshall) ប្រមុខរដ្ឋាភិបាលប្រចាំរដ្ឋ South Australia បានប្រកាសថា ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះតទៅ ប្រជាជនដែលរស់នៅក្នុងរដ្ឋ South Australia ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ COVID-19 នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមរយៈពេល ០៧ថ្ងៃប៉ុណ្ណោះ ខណៈអ្នកដែលមានទំនាក់ទំនង ធម្មតានឹងតម្រូវឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរហូតដល់ពួកគេបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

បច្ចុប្បន្ននេះ នរណាម្នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 នៅក្នុងរដ្ឋ South Australia គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ។

លោក Steven Marshall បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងនឹងកាត់បន្ថយយ៉ាងខ្លាំងនូវតម្រូវការធ្វើតេស្ត ការតាមដាន និងការធ្វើចត្តាឡីស័ក។ កាលពីមុន យើងត្រូវអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ពីព្រោះករណីឆ្លងតែមួយ អាចបង្កទៅជាករណីឆ្លងយ៉ាងច្រើន ដែលនឹងឈានដល់ការបិទខ្ទប់រដ្ឋរបស់យើង»

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងកើតឡើងស្របពេលរដ្ឋ South Australia បើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីទទួលស្វាគមន៍អ្នកដំណើរដែល បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ពីដែនដីរដ្ឋធានីអូស្ត្រាលី (ACT), រដ្ឋញូសោតវែលស៍ (New South Wales) និងរដ្ឋវិចតូរៀ (Victoria) នៅពេលដែលរដ្ឋនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់ការចាក់វ៉ាក់សាំងពេញលេញជូនដល់ ៨០ភាគរយនៃប្រជាជនរបស់ខ្លួនដែល មានអាយុលើសពី ១៦ឆ្នាំនៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ៕