(ញូដេលី)៖ បន្ទាប់ពីបានស្នើឲ្យអាជ្ញាធររដ្ឋធានីញូដេលី បិទខ្ទប់ទីក្រុងនេះជាបណ្តោះអាសន្ន ដើម្បីទប់ទល់ខ្យល់ពុល ដែលកំពុងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតនោះ នៅថ្ងៃចន្ទនេះតុលាការកំពូលដដែល បានចេញបញ្ជាតែម្តងឲ្យបិទទីក្រុងញូដេលី សម្រាប់រយៈពេល ០៤ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបិទរយៈពេល ៤ថ្ងៃមានន័យថា សាលារៀន និងការិយាល័យធ្វើការទាំងឡាយ នៅក្នុងទីក្រុងញូដេលី នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ឬអាចធ្វើកិច្ចការពីផ្ទះបាន ដើម្បីកាត់បន្ថយការបំពុលបរិយាកាស ដែលកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅហើយ។

តុលាការកំពូលឥណ្ឌាក៏បានជំរុញឲ្យស្វែងរកវិធានការបន្ទាន់ ដើម្បីទប់ទល់នឹងការដុតកាកសំណល់ដំណាំ នៅក្នុងរដ្ឋជិតខាងដូចជា ហារយ៉ាណា (Haryana), ផាន់ចាប់ (Punjab) និង យូតថារ ប្រាដែស (Uttar Pradesh) ផងដែរ ពីសំណាក់កសិកររាប់សែននាក់ ដែលបាននិងកំពុងប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីសម្អាតវាលស្រែពួក ត្រៀមទុកសម្រាប់រដូវសាបព្រួសថ្មី។

គួរបញ្ជាក់ថា ទោះបីជាតុលាការកំពូលឥណ្ឌា មិនបានកំណត់កាលបរិច្ឆេទសម្រាប់អាជ្ញាធរ ដើម្បីចាត់វិធានការក៏ដោយ ក៏គេរំពឹងថាវានឹងអាចចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ៕