(ញូដេលី)៖ ឥណ្ឌានៅថ្ងៃចន្ទនេះ បានចាប់ផ្តើមបើកទ្វារប្រទេសវិញហើយ ដើម្បីទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឲ្យចូលមកតាមរយៈជើងហោះហើរទូទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

វាគឺជាលើកដំបូងហើយ ដែលឥណ្ឌាបានអនុញ្ញាតឲ្យ ទេសចរបរទេសចូលមកក្នុងប្រទេសខ្លួន តាមជើងហោះហើរពាណិជ្ជកម្មទូទៅ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ នៅពេលដែលប្រទេសអាស៉ីខាងត្បូងមួយនេះ បានអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតមួយ ដើម្បីព្យាយាមគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។ កាលពីខែមុន ឥណ្ឌាបានចាប់ផ្តើមបើកទទួល ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច តាមជើងហោះហើរពិសេស។

យោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលឥណ្ឌា ទេសចរបរទេស ដែលចូលមកប្រទេសឥណ្ឌា ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 បានពេញលេញ (២ដូស) ហើយអនុវត្តឲ្យជាប់តាមវិធានការបង្ការនានា ព្រមទាំងត្រូវតេស្តអវិជ្ជមានចំពោះជំងឺនេះ ក្នុងរយៈពេល៧២ម៉ោង មុនជើងហោះហើរ។

ពួកគេក៏នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត នៅព្រលានយន្តហោះ ពេលមកដល់ប្រទេសឥណ្ឌាផងដែរ លើកលែងតែ អ្នកមកពីប្រទេស ដែលមានកិច្ចព្រមព្រៀង នៃការទទួលស្គាល់លិខិតចាក់វ៉ាក់សាំងជាមួយឥណ្ឌា ដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដោយអ្នកទាំងនោះ អាចចាកចេញពីព្រលានយន្តហោះ ដោយពុំចាំបាច់ធ្វើតេស្តបាន។

គួរបញ្ជាក់ថា ការបន្ធូរបន្ថយថ្មីចុងក្រោយនេះ កើតមានឡើង ស្របពេលដែលករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅត្រឹមខ្ទង់ក្បែរៗ ១០,០០០នាក់ រយៈពេល១ខែមកហើយ។ រីឯចំនួនអ្នកជំងឺដែលកំពុងទទួលការព្យាបាល បានថយមកនៅត្រឹមជិត ១៣៥,០០០នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ជិត៧៩ភាគរយនៃប្រជាជនពេញវ័យរបស់ឥណ្ឌា គឺទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ខណៈ៣៨ភាគរយ ចាក់បានពេញលេញ៕