(ប៉េកាំង)៖ ប្រទេសចិនគ្រោងនឹងផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានពេញលេញ (ចំនួន ០២ដូស) ជូនដល់កុមារទាំងអស់ ដែលមានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១១ឆ្នាំនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ បើទោះបីជាប្រទេសមួយចំនួន មានការស្ទាក់ស្ទើរចំពោះការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់កុមារ មុនពេលមានទិន្នន័យបញ្ជាក់បន្ថែមទៀតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
រហូតមកទល់ពេលនេះ ជាង ៧៥ភាគរយនៃប្រជាជនចិនសរុប ១.៤ពាន់លាននាក់ ដែលភាគច្រើនជាមនុស្សពេញវ័យ និងមនុស្សចាស់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសដែលមានប្រជាជន ច្រើនជាងគេលើពិភពលោកមួយនេះ បានផ្តោតលើការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញជូនដល់មនុស្សពេញវ័យ និងការចាក់វ៉ាក់សាំងដូសដំបូង ជូនដល់ក្មេងវ័យជំទង់ និងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។
គួរបញ្ជាក់ថា បើតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មការសុខភាពជាតិចិន គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ កុមារជាង ៨៤លាននាក់ដែលមានអាយុចាប់ពី ៣ឆ្នាំ ទៅដល់ ១១ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ៕