(តៃប៉ិ)៖ ប្រធានាធិបតីហុងឌូរ៉ាសជិតផុតអាណត្តិគឺ លោក ហ័ន អ័រលែនដូ ហឺណាន់ដែស (Juan Orlando Hernandez) នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះតៃវ៉ាន់ កំលុងដំណើរបំពេញទស្សនកិច្ចរបស់លោក នៅដែនកោះនេះ ដែលវាកើតឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ដែលគេសង្ស័យថា អ្នកបន្តវេនពីរូបលោក អាចនឹងងាកទៅទទួលស្គាល់ទំនាក់ទំនងការទូត ជាមួយទីក្រុងប៉េកាំងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Hernandez បាននិយាយយ៉ាងដូច្នេះថា «ក្នុងគ្រាដែលមានទុក្ខលំបាក គឺជាពេលដែលអ្នកស្គាល់មិត្តរបស់អ្នក កាន់តែច្បាស់បំផុត។ ចំពោះមុខភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់ ហុងឌូរ៉ាសនៅទីនេះ គឺជិតតៃវ៉ាន់ជានិច្ច»។ យ៉ាងណាមិញ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់លោក Hernandez កើតមានឡើងតែជាង២សប្តាហ៍ប៉ុណ្ណោះ មុនពេលហុងឌូរ៉ាស ត្រូវរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសនេះ បានប្តេជ្ញាថា នឹងងាកទៅបង្កើតទំនាក់ទំនងការទូតជាមួយចិនវិញ ប្រសិនបើឈ្នះឆ្នោត។

គួរបញ្ជាក់ថា ហុងឌូរ៉ាស ស្ថិតក្នុងចំណោមប្រទេសចំនួន១៥ ប៉ុណ្ណោះនៅលើពិភពលោក ដែលនៅបន្តរក្សាទំនាក់ទំនងការទូត ជាមួយនឹងកោះតៃវ៉ាន់ ខណៈកន្លងមកដែនកោះនេះ បានបាត់បង់សម្ពន្ធមិត្តការទូតចំនួន៣ នៅតំបន់អាមេរិកឡាទីន រួមមានប៉ាណាម៉ា អែលសាល់វ៉ាឌ័រ និងសាធារណរដ្ឋឌូមីនីក។ កោះតៃវ៉ាន់ បានចោទប្រកាន់ចិន អំពីការព្យាយាមអូសទាញ សម្ពន្ធមិត្តការទូតរបស់ខ្លួន៕