(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសបារាំងនឹងចាប់ផ្តើមសាជាថ្មី ការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីធានាឲ្យបាននូវ ភាពឯករាជ្យផ្នែកថាមពលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា «ជាលើកដំបូង ក្នុងរយៈពេលជាច្រើនមកនេះ ពួកយើងនឹងចាប់ផ្តើមជាថ្មី នូវការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ នៅក្នុងប្រទេសយើង ហើយនឹងបន្តអភិវឌ្ឍថាមពលដែលប្រើប្រាស់ឡើងវិញបាន»។ វាជាការឆ្លើយតបចំពោះ ការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ និងការចំណាយលើឧស្ម័នក៏ដូចជាអគ្គិសនី ដែលប្រជាជនបារាំង បានប្រឈមក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកប្រធានាធិបតីបារាំង បានបកស្រាយថា ការសម្រេចចិត្តដូចខាងលើ គឺដើម្បីធានានូវភាពឯករាជ្យផ្នែកថាមពលរបស់ប្រទេសបារាំង និងដើម្បីធានានូវការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេស ព្រមទាំងដើម្បីសម្រេចគោលដៅជាពិសេស ក្នុងការឆ្ពោះទៅរកស្ថានភាព អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា លោក ម៉ាក្រុង មិនបាននិយាយលម្អិតអ្វីទៀតទេ ប៉ុន្តែរដ្ឋាភិបាលលោក ត្រូវគេរំពឹងថា នឹងប្រកាសពីគម្រោងសាងសង់ រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីចំនួន៦ថែមទៀត ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កាលពីឆ្នាំ២០២០ បារាំងធ្លាប់បានប្រកាសថា ខ្លួននឹងមិនទាន់សម្រេចលើ ការសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីៗទៀតឡើយ រហូតទាល់តែរ៉េអាក់ទ័រនុយក្លេអ៊ែរ Flamanville 3 ដែលបានរងការអូសបន្លាយពេលជាយូរនោះ សាងសង់រួចរាល់ ហើយធ្វើប្រតិបត្តិការបានសិន៕