(បាងកក)៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់ទន្លេក្នុងតំបន់ចំនួន ០៥ នៃទីក្រុងបាងកក ប្រទេសថៃ ដែលត្រូវបានជន់លិចដោយទឹកជំនន់នាពេលថ្មីៗនេះ ត្រូវបានគេប្រាប់ឱ្យត្រៀមខ្លួនជាថ្មី សម្រាប់ទឹកជំនន់ស្រដៀងគ្នានេះនៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋបាលទីក្រុងបាងកក (BMA) បានចេញការព្រមានកាលពីអង្គារសប្តាហ៍នេះ ដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ជាពិសេសអ្នកដែលរស់នៅតាមបណ្ដាយមាត់ទន្លេ ចៅ ប្រាយ៉ា (Chao Phraya) ឱ្យត្រៀមលក្ខណៈទុកជាមុន ដែលវាអាចនឹងជន់លិចម្តងទៀត ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា នៅពេលជំនោរទឹកទន្លេ នឹងកើនឡើងដល់កម្រិតកំពូល។

គួរបញ្ជាក់ថា តំបន់ជាច្រើននៃទីក្រុងបាងកក កំពុងជួបការលំបាករួចទៅហើយ ដោយសារតែរលកទី ១ នៃទឹកជំនន់ដែលត្រូវបានគេព្យាករណ៍ថា នឹងបន្តរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ទឹកជំនន់នៅសប្តាហ៍ក្រោយនេះ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់តំបន់ទំនាបចំនួន ០៥ ដែលស្ថិតនៅជុំវិញស្ពាន ក្រាំង ថុន (Krung Thon) ក្នុងសង្កាត់ បាង ផ្លាត (Bang Phlat)៕