(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ប្រទេសជប៉ុន នឹងផ្លាស់ប្តូរគោលការណ៍វាយតម្លៃអំពីស្ថានភាពជំងឺ COVID-19 របស់ខ្លួនពីការផ្តោតលើចំនួនករណីឆ្លងប្រចាំថ្ងៃទៅជាការផ្ដោតលើសមត្ថភាពមន្ទីរពេទ្យវិញម្តង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នាពេលបច្ចុប្បន្ននេះ ស្ថានភាពជំងឺ COVID-19 ត្រូវការវាយតម្លៃ ដើម្បីសម្រេចថា តើការប្រកាសអាសន្នណាមួយ ដែលត្រូវដាក់ចេញឱ្យសមនឹងស្ថានភាពកំពុងប្រឈម ដែលការប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនមាន ៤កម្រិត។ ប៉ុន្តែប្រព័ន្ធថ្មី ដែលមាន ៥កម្រិតត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំនៃអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលស្តីពីការឆ្លើយតបនឹងជំងឺ COVID-19។ វានឹងរួមបញ្ចូលទាំង ការព្យាករណ៍អំពីភាពមានគ្រែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយការព្យាករណ៍ជាមុនថា តើអាចមានភាពតានតឹងធ្ងន់ធ្ងរលើប្រព័ន្ធវេជ្ជសាស្ត្រដែរឬទេ ប្រសិនបើការឆ្លងរីករាលដាល បានកើនឡើងវិញ។

លោក Daishiro Yamagiwa ដែលទទួលបន្ទុកឆ្លើយតបនឹងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បាននិយាយនៅក្នុងកិច្ចប្រជុំថា «រដ្ឋាភិបាលបានចាប់ផ្តើមបង្កើតស្តង់ដារថ្មីដែលរំពឹងថា នឹងចេញជារូបរាងនៅពាក់កណ្តាលខែវិច្ឆិកានេះ។ ផ្អែកលើការពិភាក្សាថ្ងៃនេះ យើងចង់ត្រៀមខ្លួនទុកជាមុនសម្រាប់ការកើនឡើងវិញនៃករណីឆ្លងជំងឺនេះ ដោយសន្មត់វាថា ជាសេណារីយ៉ូដ៏អាក្រក់បំផុត»

គួរបញ្ជាក់ថា នៅក្រោមប្រព័ន្ធថ្មី ការប្រកាសអាសន្នកម្រិត ០ គឺសំដៅលើស្ថានភាពគ្មានករណីឆ្លងជំងឺ COVID-19 ថ្មីៗ ខណៈកម្រិតទី១ គឺមានន័យថា ប្រព័ន្ធថែទាំសុខភាពអាចឆ្លើយតបទៅនឹងជំងឺ COVID-19 ប្រកបដោយស្ថិរភាព។ កម្រិតទី២ គឺព្រមានពីការកើនឡើងវិញនៃករណីឆ្លងជំងឺនេះ ដែលកំពុងចាប់ផ្ដើមធ្វើឱ្យប្រព័ន្ធវេជ្ចសាស្រ្តមានភាពតានតឹង ហើយកម្រិតទី៣ គឺបង្ហាញថា ប្រទេសកំពុងស្ថិតក្នុងភាពអាសន្នចាំបាច់បំផុត ហើយកម្រិតធ្ងន់ធ្ងរបំផុត ដែលជាកម្រិតទី៤ គឺបង្ហាញថា មន្ទីរពេទ្យមិនអាចដោះស្រាយជាមួយអ្នកជំងឺ COVID-19 ទៀតទេ បើទោះបីជាពួកគេកាត់បន្ថយការប្រើប្រាស់សេវាកម្មវេជ្ជសាស្រ្តទូទៅក៏ដោយ៕