(រ៉ូម)៖ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះបានប្រកាសថា ចំនួនប្រជាជនដែលកំពុងប្រឈមនឹង គ្រោះទុរភិក្សក្នុងប្រទេសចំនួន ៤៣ បានកើនឡើងដល់ជាង ៤៥លាននាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការកើនឡើងនៃចំនួនប្រជាជន ប្រឈមមុខគ្រោះទុរភិក្សពី ៤២លាននាក់កាលពីដើមឆ្នាំ២០២១ មកដល់ ៤៥លាននាក់នៅពេលនេះ គឺដោយសារការវាយតម្លៃលើសន្តិសុខស្បៀងអាហារ ដែលត្រូវបានគេរកឃើញថា ប្រជាជនចំនួន ០៣លាននាក់ផ្សេងទៀត កំពុងប្រឈមនឹងគ្រោះទុរភិក្សក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការកើនឡើងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានគេមើលឃើញនៅក្នុងប្រទេសអេត្យូពី, ហៃទី, សូម៉ាលី, អង់ហ្គោឡា, កេនយ៉ា និងប៊ូរុនឌីផងដែរ។

ប្រធានគ្រប់គ្រងកម្មវិធីរបស់ WFP លោក ដេវីដ ប៊ីស្លី (David Beasley) ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «មនុស្សរាប់សិបលាននាក់ កំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់។ យើងមានបញ្ហាជម្លោះ, បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាជំងឺឆ្លងរាតត្បាតសកល COVID-19 ដែលជំរុញឱ្យមានការកើនឡើង នៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបែបនេះ»

លោក David Beasley បានថ្លែងបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែល WFP កំពុងបង្កើនជំនួយដល់មនុស្សជិត ២៣លាននាក់នោះថា «ទិន្នន័យចុងក្រោយបង្អស់ បានបង្ហាញថា នាពេលឥឡូវនេះមានមនុស្សជាង ៤៥លាននាក់កំពុងដើរឆ្ពោះទៅរកភាពអត់ឃ្លាន។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ តម្លៃស្បៀងអាហារក៏ឡើងថ្លៃ ជីដំណាំក៏មានតម្លៃថ្លៃ ហើយទាំងអស់នេះបាននិងកំពុងដឹកនាំយើង ឆ្ពោះទៅរកការប្រឈមនឹងវិបត្តិថ្មីៗ ដូចជាប្រទេសអាហ្វហ្គានីស្ថានជួបប្រទះ ក៏ដូចជាគ្រោះអាសន្នដែលកើតមានយូរមកហើយ ដូចជានៅប្រទេសយេម៉ែន និងស៊ីរីជាដើម»

WFP សង្កត់ធ្ងន់ថា ការចំណាយលើការទប់ស្កាត់គ្រោះទុរភិក្សនៅទូទាំងពិភពលោក នាពេលឥឡូវនេះមានចំនួន ៧ពាន់លានដុល្លារអាមេរិកហើយ ដែលកើនឡើងពី ៦.៦ពាន់លានដុល្លារអាមេរិកកាលពីដើមឆ្នាំ២០២១នេះ ប៉ុន្តែស្ថាប័នរបស់ UN មួយនេះបានព្រមានថា ជំនួយនេះគឺមិនគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់ឡើយ៕