(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣,១៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៣៣៦,៥៧៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧៥,២១៨នាក់ និងជាសះស្បើយឡើងសរុប ៣៧.៣៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សហរដ្ឋអាមេរិកនឹងបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា (ពេលវេលានៅវ៉ាស៊ីនតោន) ដល់ជនបរទេសដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចរាល់។ នេះជាការបិទបញ្ចប់ការដាក់កំហិតរយៈពេល ២០ខែ លើការធ្វើដំណើរពីជុំវិញពិភពលោក ដែលកន្លងបានបង្កឲ្យក្រុមគ្រួសារត្រូវឃ្លាតឆ្ងាយពីគ្នា ខាតបង់លើវិស័យទេសចរណ៍ និងទំនាក់ទំនងការទូតរាំងស្ទះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤២៩លានដូស ក្នុងនោះប្រជាជន ២២៣.២៤លាននាក់ (៦៧.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២។២លាននាក់ (៥៨.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕