(វែលីងតោន)៖ ខ្មាន់កាំភ្លើងជាភេរវករដែលបានបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅឯវិហារអ៉ីស្លាមក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាប្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមកាត់ទោសរូបគេដាក់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ការអះអាងខាងលើធ្វើឡើងដោយមេធាវីការពារក្ដីរបស់ភេរវករឈ្មោះ Brenton Tarrant ដោយសំអាងថាភេរវកររូបនេះបានសារភាពពីទោសកំហុសចំពោះទង្វើភេរវកម្ម ដែលខ្លួនប្រព្រឹត្តកាលពីឆ្នាំ២០១៩។ Brenton Tarrant បានសារភាពពីទោសកំហុសចំពោះបទចោទប្រកាន់សម្លាប់មនុស្ស៥១នាក់, ប៉ុនប៉ងមនុស្សឃាត ៤០ករណី និងទង្វើភេរវកម្មមួយករណីកាលពីឆ្នាំ២០២០។
គួរបញ្ជាក់ថា ភេរវករឈ្មោះ Brenton Tarrant ប្រដាប់ដោយកាំភ្លើងពាក់កណ្ដាលស្វ័យប្រវិត្ត បានចូលបាញ់រះសម្លាប់មនុស្ស៥១នាក់ កំឡុងការថ្វាយបង្គំនៅថ្ងៃសុក្រ របស់អ្នកកាន់សាសនាអ៉ីស្លាម នៅឯវិហារអ៉ីស្លាម អាល់នួរ (Al Noor) និង លីនវូត (Linwood) ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់ កាលពីខែមីនា ឆ្នាំ២០១៩៕