(ហ្វ្រីថោន)៖ ប្រធានាធិបតីសៀរ៉ាឡេអូន លោក ជូលៀស ម៉ាដា បាយ៉ូ (Julius Maada Bio) បានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ និងផ្ទុះរថយន្តដឹកប្រេងឥន្ធនៈដ៏កក្រើកបំផុត បានកើតមានឡើងនៅរដ្ឋធានី ហ្វ្រីថោន (Freetown) កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សសរុប ១០៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងដំណើរចុះទៅសួរសុខទុក្ខ អ្នករងរបួសក្នុងហេតុការណ៍ខាងលើនេះសរុប ៩២នាក់ នៅក្នុងមន្ទីរពេទ្យទីក្រុង Freetown, លោក ជូលៀស ម៉ាដា បាយ៉ូ ក៏បានសន្យាថា នឹងបើកការស៊ើបអង្កេតជុំវិញករណីនេះ នៅប៉ុន្មានថ្ងៃទៀតផងដែរ។ លោកប្រធានាធិបតីបានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវរៀនសូត្រពីឧប្បត្តិហេតុដ៏អកុសលនេះ។ ខ្ញុំបានផ្អាកមួយរយៈនូវការធ្វើដំណើរ ចេញទៅក្រៅប្រទេសរបស់ខ្ញុំ ដើម្បីមកមើលអ្នកស្លាប់ និងជួបអ្នកនៅរស់រានមានជីវិត ក្រោយពីការផ្ទុះសាទែនប្រេង»។ លោកប្រធានាធិបតីបានបង្ហាញអារម្មណ៍ខ្លោចផ្សាជាខ្លាំង នៅពេលដែលបានឃើញជនរួមជាតិ បាត់បង់ជីវិតយ៉ាងច្រើនបែបនេះ។

គួរបញ្ជាក់តាមអាជ្ញាធរសៀរ៉ាឡេអូនបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងនៅថ្ងៃសុក្រសប្តាហ៍មុននេះ នៅពេលដែលរថយន្តដឹកទំនិញ បានបុកជាមួយនឹងរថយន្តដឹកប្រេង។ ពីដំបូងឡើយ ប្រេងបានហៀរចេញពីរថយន្តដែលជួបគ្រោះថ្នាក់នោះ ហើយបន្ទាប់មកវាក៏បានឆាបឆេះ រាលដាលទៅដល់សាទែនស្តុកប្រេង បណ្តាលឲ្យផ្ទុះឆេះរថយន្តផ្សេងៗទៀត យ៉ាងកក្រើកតែម្តង។ ដោយឡែក, កាលពីខែមីនា ឆ្នាំ២០២១ ហេតុការណ៍ឆាបឆេះជំរុំស្នាក់នៅមួយកន្លែង ស្ថិតនៅជាយរដ្ឋធានី Freedown ក៏បានផ្តាច់ជីវិតមនុស្សជាង ៨០នាក់ និងបណ្តាលឲ្យ ៥,០០០នាក់ទៀត បាត់បង់ទីជម្រកផងដែរ៕