(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា (ពេលវេលានៅវ៉ាស៊ីនតោន) ដល់ជនបរទេសដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចរាល់។ នេះជាការបិទបញ្ចប់ការដាក់កំហិតរយៈពេល ២០ខែ លើការធ្វើដំណើរពីជុំវិញពិភពលោក ដែលកន្លងបានបង្កឲ្យក្រុមគ្រួសារត្រូវឃ្លាតឆ្ងាយពីគ្នា ខាតបង់លើវិស័យទេសចរណ៍ និងទំនាក់ទំនងការទូតរាំងស្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ការហាមឃាត់ដែលត្រូវបានដាក់ចេញដោយ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំ ២០២០ និងគាំទ្រដោយរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា និងក្លាយជានិមិត្តរូបនៃភាពចលាចល ដែលបណ្តាលមកពី COVID-19។ ការដាក់កំហិតនាពេលកន្លងទៅនេះ បានបង្កឲ្យសហភាពអឺរ៉ុប ប្រទេសកាណាដា និងមិចស៊ីកូ ជួបប្រទះបញ្ហាជាខ្លាំង។

ដើម្បីទប់ទល់ការផ្ទុះករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុក សហរដ្ឋអាមេរិកកាលពីខែមីនា ឆ្នាំ២០២០ បានសម្រេចបិទព្រំដែនទាំងអស់របស់ខ្លួន ដោយអ្នកដំណើរភាគច្រើនមកពីទូទាំងពិភពលោក មិនត្រូវបានស្វាគមន៍នោះឡើយ ក្នុងនោះមានដូចជា សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, ប្រទេសចិន, ឥណ្ឌា និងប្រេស៊ីលជាដើម។ គ្រានោះ អ្នកដំណើរតាមផ្លូវគោកពីកាណាដា និងមិចស៊ីកូ ក៏ត្រូវបានហាមឃាត់ផងដែរ។

គួរបញ្ជាក់ថា ប្រជាជនជាច្រើននៅអឺរ៉ុប អាស៊ី និងអាមេរិកឡាទីនជាដើម បានបង្ហាញការសប្បាយរីករាយ ព្រមទាំងត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជុំសមាជិកក្រុមគ្រួសាររបស់ពួកគេ។ រយៈពេល ២០ខែនៃការបិទច្រកព្រំដែនដើម្បីទប់ទល់ COVID-19 បានបង្កឲ្យមនុស្សរាប់រយលាននាក់ ជួបប្រទះបញ្ហាទាំងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេ៕