(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញមុនច្រានចោល និងប្រឆាំងយ៉ាងដាច់ខាតចំពោះរបាយការណ៍របស់ ក្រសួងការពារជាតិអាមេរិក អំពីការអភិវឌ្ឍវិស័យយោធាចិនកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ ឈាន (Wu Qian) បានហៅរបាយការណ៍អាមេរិកខាងលើនេះថា «មិនអើពើចំពោះការពិត និងពោរពេញដោយភាពលំអៀង។ របាយការណ៍នេះបានប្រឌិតឡើង នូវអ្វីដែលគេហៅថា ការគំរាមកំហែងខាងយោធារបស់ចិន... វាបានធ្វើឱ្យមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន លើការកសាងសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសចិន និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត។ ប្រទេសចិនបានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងឱឡារិក ទៅកាន់ភាគីអាមេរិកវិញ»។
លោក វូ ឈាន ថែមទាំងបានសង្កត់ធ្ងន់ទៀតថា «ការអភិវឌ្ឍន៍យោធារបស់ចិន គឺសំដៅការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចិនមិនដែលកំណត់គោលដៅលើប្រទេសណាមួយ ហើយក៏មិនបង្កការគំរាមកំហែង ដល់ប្រទេសណាមួយនោះដែរ។ សហរដ្ឋអាមេរិកទៅវិញទេ គឺជាប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរ ដ៏ធំបំផុតនៅលើពិភពលោក...»។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់ចិនបន្ថែមទៀតនេះបានកើតមានឡើង បន្ទាប់ពីមន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិន ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍ច្រានចោល ម្តងរួចមកហើយដែរ។
បើតាមរបាយការណ៍ខាងលើនេះ ក្រុមជំនាញនៃយោធាអាមេរិករំពឹងថា ចិននឹងអាចមាន ក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រើការបានចំនួន ៧០០គ្រាប់នៅក្នុងឃ្លាំងត្រឹមឆ្នាំ២០២៧ ហើយនឹងត្រូវបង្កើនរហូតដល់ចំនួន ១,០០០គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍ចាស់កាលពីមួយឆ្នាំមុន៕