(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការយល់ដឹងអំពីការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងចែករំលែកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយហានិភ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Antonio Guterres បានថ្លែងនៅក្នុងសារមួយក្នុងពិធីប្រារព្វទិវាយល់ដឹងអំពីរលកយក្សស៊ូណាមិពិភពលោកថា «យើងអាចកសាងការសម្រេចបាននូវវឌ្ឍនភាព ចាប់ពីការផ្សព្វផ្សាយកាន់តែប្រសើរឡើងដល់សហគមន៍ដែលប្រឈមមុខនឹងការគំរាមកំហែងពីរលកយក្សស៊ូណាមិនៅជុំវិញពិភពលោក រហូតដល់ការដាក់បញ្ចូលកម្មវិធីរលកយក្សស៊ូណាមិនៅក្នុងទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្ររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ទោះជាយ៉ាងណាក៏ដោយ លោក Antonio Guterres បានព្រមានថា ហានិភ័យនៅតែមានធំធេងណាស់ ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលនឹងធ្វើឱ្យថាមពលបំផ្លិចបំផ្លាញនៃរលកយក្សស៊ូណាមិកាន់តែធ្ងន់ធ្ងរ។

សម្រាប់លោក Antonio Guterres វិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការត្រៀមខ្លួន និងការធ្វើសកម្មភាពកាន់តែលឿនរហ័ស ត្រូវតែជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីរក្សាសុវត្ថិភាពមនុស្ស និងសហគមន៍។

ទិវាការយល់ដឹងអំពីរលកយក្សស៊ូណាមិពិភពលោកនាឆ្នាំនេះ កំពុងលើកកម្ពស់គោលដៅនៃ « Sendai Seven Campaign» ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសំខាន់ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ រលកយក្សស៊ូណាមិ គឺជាគ្រោះធម្មជាតិដ៏កម្រ ប៉ុន្តែគឺគ្រោះថ្នាក់ខ្លាំងបំផុត។ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ វាបានឆក់យកជីវិតមនុស្សជាង ២៦០,០០០នាក់ ដែលច្រើនជាងគ្រោះធម្មជាតិផ្សេងៗទៅទៀត៕