(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការគ្រោងរៀបចំឡើងនូវ កិច្ចប្រជុំកំពូលមួយ ហៅថា «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងរៀបចំជំនួបតាមប្រព័ន្ធអនឡាញមួយ ហៅថា «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ» នៅថ្ងៃទី០៩-១០ ខែធ្នូ ខាងមុខ ដើម្បីឲ្យមេដឹកនាំមកពីបណ្តាប្រទេសប្រជាធិបតេយ្យនានា ជុំវិញពិភពលោក បានជួបពិភាក្សាគ្នា។
ទាក់ទងនឹងគម្រោងខាងលើ លោក Lavrov បានលើកឡើងក្នុងបទសម្ភាសន៍មួយ នាពេលថ្មីៗនេះថា «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យនេះ ហាក់មានគោលដៅបែងចែក ប្រជាជន និងប្រទេសទាំងឡាយ ឲ្យទៅជាក្រុមប្រជាធិបតេយ្យ និងក្រុមមិនប្រជាធិបតេយ្យ»។
ប្រមុខការទូតរុស្ស៉ីរូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា «បើតាមការគិតរបស់ខ្ញុំ គឺអាមេរិកចង់បានភាពស្មោះត្រង់ជាអតិបរមា ដើម្បីឲ្យពិភពលោកយល់ឃើញថា មានចលនាធំមួយដែលដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន។ វាប្រៀបដូចជាទំនាក់ទំនងរវាងប្រទេសជាមេ ហើយនិងប្រទេសដែលជាកូនចៅយ៉ាងដូច្នោះឯង»៕