(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសឲ្យដឹងថា អ្នកទាំងឡាយណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ទោសព្រហ្មទណ្ឌអស់មួយជីវិត ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ ធ្វើការប្រកាសដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ។ ការិយាល័យដដែលបានឱ្យដឹងទៀតថា ចិនបានបង្កើត «បញ្ជីខ្មៅមួយដើម្បីកត់ឈ្មោះក្រុមមនុស្សដែលគាំទ្រងប់ងុល ឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យពីចិន»។
គួរបញ្ជាក់ថា បើតាមការិយាល័យចិនទទួលបន្ទុកកិច្ចកោះតៃវ៉ាន់, ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើមនុស្ស ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ តាមរយៈការដាក់បម្រាមមិនឱ្យពួកគេ ចូលទឹកដីចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសរបស់ចិនដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ព្រមទាំងហាមឃាត់ពួកគេពីការទទួលបានផលប្រយោជន៍ ពីប្រព័ន្ធហិរញ្ញវត្ថុចិនផងដែរ៕