(សេអ៊ូល)៖ អតីតអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោក យូន ស៉ឹកយូល (Yoon Seok-youl) នៅថ្ងៃសុក្រនេះ ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី តំណាងគណបក្សប្រឆាំងធំជាងគេ ប្រចាំនៅប្រទេសអាស៉ីខាងកើតនេះ គឺគណបក្សអំណាចប្រជាជន (People Power Party)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងការបោះឆ្នោតជ្រើសរើស បេក្ខជនប្រធានាធិបតីតំណាងគណបក្ស លោក Yoon Seok-youl ទទួលបានសំឡេងគាំទ្រនាំមុខគេរហូតដល់ ៤៧.៨៥ភាគរយ ពីសមាជិកគណបក្ស និងប្រជាពលរដ្ឋសាមញ្ញ ហើយតាមពីក្រោយដោយតំណាងរាស្រ្តរដ្ឋសភា លោក ហុង ជូនព្យ៉ូ (Hong Joon-pyo) ដែលទទួលបាន៤១.៥០ភាគរយ ខណៈអតីតតំណាងរាស្រ្តរដ្ឋសភា លោក យូ សឹងមីន (Yoo Seong-min) ទទួលបាន ៧.៤៧ភាគរយ និងអតីតអភិបាលខេត្តជេជូ (Jeju) លោក វ៉ុន ហ៉ីរ្យ៉ុង (Won Hee-ryong) ទទួលបាន ៣.១៧ភាគរយ។
លោក Yoon Seok-youl បានចាញ់លោក Hong Joon-pyo នៅក្នុងការបោះឆ្នោតដោយប្រជាពលរដ្ឋសាមញ្ញ ជាមួយសំឡេងគាំទ្រតែ ៣៧.៩៥ភាគរយប៉ុណ្ណោះ ខណៈលោក Hong Joon-pyo ទទួលបានរហូតដល់ ៤៨.២១ភាគរយ ប៉ុន្តែលោកបានយកឈ្នះលោក Hong Joon-pyo នៅក្នុងការបោះឆ្នោតដោយសមាជិកគណបក្ស ជាមួយសំឡេងគាំទ្ររហូតដល់ ២១០,០៣៤សំឡេង ខណៈលោក Hong Joon-pyo ទទួលបានតែ ១២៦,៥១៩សំឡេង។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ត្រូវបានគេព្យាករណ៍យ៉ាងទូលំទូលាយថា ជាការប្រកួតប្រជែងរវាងលោក Yoon Seok-youl និងលោក លី ចេម្យុង (Lee Jae-myung) ដែលជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច៕