(ប៉េកាំង)៖ មហាសេដ្ឋីអាមេរិក លោក ឆាលី មឹងងើរ (Charlie Munger) ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនពហុជាតិអាមេរិក ប៊ឺកសឺ ហាថាវ៉េយ៍ (Berkshire Hathaway) បាននិយាយថា ចិនហាក់មានភាពវៃឆ្លាតជាងសហរដ្ឋអាមេរិក ដោយសារតែចិនចេះគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចបានល្អជាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Munger បានប្រាប់សារព័ត៌មាន CNN ក្នុងបទសម្ភាសន៍មួយថា ចិនបានចាប់ផ្តើមគ្រប់គ្រងការរីកលូតលាស់យ៉ាងខ្លាំងនៃសេដ្ឋកិច្ច លឿនជាងអ្វីដែលសហរដ្ឋអាមេរិកធ្វើ នៅក្នុងស្ថានភាពដូចគ្នា។ វាគឺជាចំណុចមួយ ដែលរូបលោកមានការកោតសរសើរចំពោះចិន ហើយត្រង់ចំណុចនេះហើយ ដែលលោកយល់ថា ចិនឆ្លាតជាងអាមេរិក។

លោក Munger បានបន្តដូច្នេះថា «ដោយមើលទៅលើបញ្ហាដែលចិនមាន ខ្ញុំគិតថាប្រព័ន្ធដឹកនាំរបស់ពួកគេ ដំណើរការបានប្រសើរសម្រាប់ពួកគេ ជាជាងប្រព័ន្ធដឹកនាំរបស់យើង សម្រាប់ពួកយើង។ បើតាមការយល់ឃើញរបស់ខ្ញុំ យើងមិនគួរសន្មត់ថា ប្រទេសទាំងអស់នៅលើពិភពលោក ទោះមានបញ្ហាបែបណាក៏ដោយ គឺត្រូវតែមានប្រព័ន្ធរដ្ឋាភិបាលដូចយើងនោះឡើយ។ ការសន្និដ្ឋានបែបនេះ គឺដូចជាក្រអើតក្រទម និងគិតតែពីខ្លួនឯងពេកហើយ។ ប្រព័ន្ធរបស់យើង វាត្រឹមត្រូវសម្រាប់យើង ប៉ុន្តែប្រព័ន្ធរបស់ពួកគេ ក៏ប្រហែលត្រឹមត្រូវសម្រាប់ពួកគេផងដែរ»

ជាមួយគ្នានេះដែរ មហាសេដ្ឋីអាមេរិករូបនេះ ក៏បានកោតសរសើរថែមទៀត ចំពោះកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ចិន ដែលបានជួយប្រជាជនចិនរាប់លាននាក់ ចាកចេញផុតពីភាពក្រីក្រ។ លោក Munger បានចាត់ទុកថា វាគឺជាជោគជ័យដ៏អស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលចិនសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕