(ប៉េកាំង)៖ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនសូមវាយតម្លៃខ្ពស់ ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់កម្ពុជា ហើយសូមចូលរួមរីករាយដោយស្មោះ ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

យោងតាមផ្សាយដំណឹងឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានសមិទ្ធផលដ៏អស្ចារ្យ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ក្រោមជំនួយពីប្រទេសចិន ហើយអត្រានៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសអាស៊ាន។ កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជានឹងលុបចោលវិធានការបិទចប់ជាបណ្តើរៗ និងស្តារផលិតកម្មឡើងវិញទាំងស្រុង។

លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិន និងកម្ពុជាជា «មិត្តដែកថែប»។ ប្រទេសទាំងពីរបានរួមដៃគ្នាកសាងខ្សែការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមិនអាចបំបែកបាន គឺជាគំរូដ៏ល្អមួយសម្រាប់សហគមន៍អន្តរជាតិ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩មិនបញ្ចប់ទេ ជំនួយរបស់ចិនសម្រាប់កម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមិនបញ្ឈប់ឡើយ។
ប្រទេសចិនក៏រីករាយរួមសហការជាមួយប្រជាជនកម្ពុជា ដែលជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យផ្សេងៗក្នុងន័យជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិន និងកម្ពុជារឹងជាងដែក និងមាំជាងដែកថែប៕