(ប៉េកាំង)៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាសន្និបាតប្រគល់រង្វាន់ ជូនម្ចាស់រង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិនប្រចាំឆ្នាំ ២០២០ បានបើកធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំង។ លោកបណ្ឌិតសភាចារ្យ Gu Songfen ដែលជាវិស្វករដ៏ល្បីល្បាញខាងការរចនាយន្តហោះរបស់ប្រទេសចិនថ្មី លោកបណ្ឌិតសភាចារ្យ Wang Dazhong អ្នកវិទ្យាសាស្ត្រថាមពលនុយគ្លេអ៊ែរ ល្បីឈ្មោះលំដាប់អន្តរជាតិ ទទួលបានរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាតិចិនប្រចាំឆ្នាំ ២០២០។

មហាសន្និបាតលើកនេះបានជ្រើសរើសគម្រោងសរុប ២៦៤ ក្នុងនោះ ក្រុមការងារលោកបណ្ឌិតសភាចារ្យ Zhong Nanshan ទទួលបានរង្វាន់ក្រុមការងារនវានុវត្តន៍ និងរង្វាន់វឌ្ឍនភាពវិទ្យាសាស្រ្តបច្ចេកវិទ្យា។ អ្នកជំនាញបរទេសចំនួន ៨ រូបនិងអង្គការអន្តរជាតិមួយ ទទួលបានរង្វាន់សហប្រតិបត្តិការខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន។

ការច្នៃប្រឌិតថ្មីជាកម្លាំងចលករសំខាន់បំផុត សម្រាប់ជំរុញការអភិវឌ្ឍរបស់ប្រទេសចិន។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រ និងបច្ចេកទេសដ៏សំខាន់មួយចំនួននៃប្រទេសចិន ដូចជា ការហោះហើរផ្ទុកមនុស្សលើអវកាស វិស្វកម្មស្ទង់រុករកភពព្រះចន្ទ ការវាស់ស្ទង់នាវាមុជទឹកជម្រៅ និងទូរគមនាគមន៍កង់ទិចជាដើម ត្រូវបានសម្រេចជាបន្តបន្ទាប់ តេឡេស្កូបយក្ស «FAST» ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ផ្កាយរណបនាំផ្លូវ BeiDou បានដំណើរការជាបណ្តាញ ក៏ដូចជាការសិក្សាស្រាវជ្រាវ និងផលិតបរិក្ខារបច្ចេកវិទ្យាខ្ពស់ ខាងវិស័យកុំព្យូទ័រកំពូលផុតលេខ និងទូរគមនាគមន៍តាមប្រព័ន្ធ ៥G ជាដើមទទួលបានការវាយទម្លុះដ៏សំខាន់ជាបន្តបន្ទាប់ ។ល។ យោងតាម «ចំណាត់ថ្នាក់នៃសន្ទស្សន៍នវានុវត្តន៍ជាសកលឆ្នាំ ២០២០» បានឱ្យដឹងថា ប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័ស ពីចំណាត់ថ្នាក់ទី ២៩ នាឆ្នាំ ២០១៥ ដល់ចំណាត់ថ្នាក់ទី ១៤។

នាពេលបច្ចុប្បន្ននេះ អ្នកជំនាញបច្ចេកវិទ្យារបស់ប្រទេសចិនបានកើនឡើងពី ៥៥ លាន ៥ សែន ៤ ពាន់នាក់នាឆ្នាំ ២០១០ ដល់ ៧៨ លាន ៣ សែន ៩ ម៉ឺន ៨ ពាន់ នាក់នាឆ្នាំ ២០១៩ ចំនួនអ្នកសិក្សាស្រាវជ្រាវ និងផលិតសរុបបានឈរនៅលំដាប់ថ្នាក់ទីមួយ នៅលើពិភពលោកក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ក៏ដូចជាការស្នើសុំប៉ាតង់អន្តរជាតិរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ៦ ម៉ឺន ៨ ពាន់ ៧ រយ ២០ ដែលបានឈរនៅលំដាប់ទីមួយនៅលើពិភពលោក។

«ធនធានមនុស្សជាធនធានសំខាន់បំផុត» នៅខែតុលា ឆ្នាំ ២០២១ ប្រទេសចិនបានលើកឡើងយ៉ាងជាក់លាក់ នូវគោលដៅជាយុទ្ធសាស្រ្តសំខាន់ស្តីពី «ការពន្លឿនការកសាងមជ្ឈមណ្ឌលធនធានមនុស្ស និងទីកន្លែងនវានុវត្តន៍ឈានមុខដ៏សំខាន់លើពិភពលោក»។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យពាក់ព័ន្ធ ដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា សន្ទស្សន៍នវានុវត្តន៍របស់ប្រទេសចិន បានឈានដល់ ២៤២.៦ នៅឆ្នាំ ២០២០ បានកើនឡើង ៦.៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលបានបំបែកកំណត់ត្រាថ្មីម្តងទៀត។

សូមបញ្ជាក់ថា ឆ្លងតាមរយៈការប្រកាសរង្វាន់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកំពូលថ្នាក់ជាតិនៃប្រទេសចិន អាចរកឃើញថា លេខសម្ងាត់ក្នុងការទទួលបានសមិទ្ធផលច្នៃប្រឌិតថ្មី គួរឱ្យកត់សម្គាល់របស់ប្រទេសចិន មិនត្រឹមតែនៅត្រង់ការយកចិត្តទុកដាក់ និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេវិទ្យាប៉ុណ្ណោះទេ ថែមទាំងក៏នៅត្រង់អាកប្បកិរិយាបើកចំហ ចំពោះការផ្លាស់ប្តូរអំពីការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ជាងនេះទៅទៀត វាក៏កាន់តែបង្ហាញពីទស្សនៈ ដែលប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ច ពោលគឺ ប្រទេសចិនស្វែងរកវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺដើម្បីសុខសុភមង្គល និងផលប្រយោជន៍របស់មនុស្សជាតិទាំងមូល និងដើម្បីបង្កើនចំណេះវិជ្ជាសាធារណៈ និងតម្រិះបញ្ញារួមនៃសង្គមមនុស្សជាតិ។ នេះគឺជាការអនុវត្តដ៏រស់រវើកមួយទៀត នៃការបង្កើតសហគមន៍រួមជោគវាសនាតែមួយរបស់មនុស្សជាតិ ហើយក៏ជាការរួមចំណែកដ៏សំខាន់របស់ប្រទេសចិន ដែលប្រកបដោយនវានុវត្តន៍ចំពោះពិភពលោកផងដែរ៕