(ឡុងដ៍)៖ អ្នកស្រាវជ្រាវឈានមុខគេម្នាក់របស់ចក្រភពអង់គ្លេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បាននិយាយថា ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ «មិនទាន់ចប់នៅឡើយទេ» ហើយបុណ្យណូអែលឆ្នាំនេះអាចជា «បញ្ហា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Jonathan Van-Tam អគ្គនាយករងផ្នែកវេជ្ជសាស្ត្ររបស់ចក្រអង់គ្លេសបានថ្លែងប្រាប់សារព័ត៌មាន BBC ថា លោកមានការព្រួយបារម្ភថា ករណីឆ្លងជំងឺ COVID-19 នៅក្នុងចក្រភពអង់គ្លេសគឺ «មានចំនួនខ្ពស់ជាងនៅក្នុងបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប»

បើតាមតួលេខផ្លូវការ ករណីឆ្លងជិត ៣៤,០០០ករណីត្រូវបានកត់ត្រាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈអ្នកជំងឺចំនួន ២៩៣នាក់បានស្លាប់ ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយបន្ទាប់ពីការធ្វើតេស្តវិជ្ជមានចំពោះជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

នៅពេលសួរអំពីការដាក់ចេញនូវវិធានការបិទខ្ទប់មួយផ្សេងទៀត លោក Jonathan Van-Tam បាននិយាយថា «បុណ្យណូអែល នាពេលខាងមុខនេះទំនងជានឹងមាន បញ្ហា»។ ទោះបីជាករណីឆ្លងជំងឺ COVID-19 នៅក្នុងចក្រភពអង់គ្លេស មានចំនួនខ្ពស់ជាងនៅក្នុងបណ្ដាប្រទេសជាច្រើននៅអ៊ឺរ៉ុបក៏ដោយប៉ុន្តែវាបានធ្លាក់ចុះបន្តិចហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប៉ុន្តែលោក Jonathan Van-Tam បានយល់ថា អាកប្បកិរិយារបស់ប្រជាជននឹងមានសារៈសំខាន់ណាស់ចំពោះរបៀបដែលប្រទេសឆ្លើយតបទៅនឹងជំងឺ COVID-19 នេះ ហើយលោកបានជំរុញឱ្យ «មានការប្រុងប្រយ័ត្នខ្ពស់បំផុត»