(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា (Fumio Kishida) នឹងទទួលបន្ទុកកាន់តំណែងជា រដ្ឋមន្រ្តីការបរទេសមួយទៀតជាបណ្តោះអាសន្ន រហូតទាល់តែលោកអាចរៀបចំបង្កើតគណៈរដ្ឋមន្រ្តីថ្មី ក្រោយសភាបើកកិច្ចប្រជុំពិសេសមួយ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Akira Amari បានសម្រេចលាលែងពីតំណែងជា អគ្គលេខាធិការនៃគណបក្សកាន់អំណាចជប៉ុន បន្ទាប់ពីទទួលបរាជ័យ នៅស្រុកដែលលោកឈរឈ្មោះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi ក៏ត្រូវបានបក្សសម្រេចជ្រើសតាំង ឲ្យឡើងជំនួសតំណែងនេះ។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន គឺគណៈរដ្ឋមន្រ្តីត្រូវលាលែងពីតំណែងទាំងអស់គ្នា នៅពេលសម័យប្រជុំសភាលើកដំបូង ត្រូវធ្វើឡើងក្រោយការបោះឆ្នោតសកល។ ក្រោយមកសភាជប៉ុន នឹងជ្រើសទាំងលោក Kishida ជានាយករដ្ឋមន្រ្តីដដែល ក្នុងកិច្ចប្រជុំពិសេសមួយ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធសប្តាហ៍ក្រោយ ហើយបន្ទាប់ពីពេលនោះ ទើបលោក Kishida នឹងប្រកាសបង្កើតគណៈរដ្ឋមន្រ្តីថ្មី៕