(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃពុធសប្ដាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅច្រកចូលនៃមន្ទីរពេទ្យមួយកន្លែង ដែលស្ថិតនៅកណ្ដាលទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឲ្យមនុស្សជាង ២០នាក់ស្លាប់ និង ៣០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារភេរវកម្មដ៏អាក្រក់ទៅលើមន្ទីរពេទ្យ សារដារ ម៉ូហាម៉ាត់ ដាអ៊ូដ ខាន់ (Sardar Mohammad Daud Khan) ដែលត្រូវបានក្រុមភេរវករ ISIS-K អះអាងថា ជាស្នាដៃរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយថា «សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការអាណិតអាសូរ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយពួកគេក៏បានជូនពរឱ្យអ្នកដែលរងរបួស ឆាប់បានជាសះស្បើយឡើងវិញផងដែរ»។
គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មគ្រប់ទម្រង់ទាំងអស់ បានចាត់ទុកថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានគូសបញ្ជាក់សារជាថ្មីថា ជនល្មើស អ្នករៀបចំ អ្នកផ្តល់ហិរញ្ញវត្ថុ និងអ្នកឧបត្ថម្ភចំពោះអំពើភេរវកម្ម ដ៏គួរឱ្យស្អប់ខ្ពើមទាំងនោះ ត្រូវតែទទួលទោសនៅចំពោះមុខច្បាប់៕