(វៀងច័ន្ទ)៖ អត្រាឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ១,១៧០នាក់ ក្នុងមួយថ្ងៃហើយ សម្រាប់របាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដែលលើសចំនួនកាលពីថ្ងៃពុធម្សិលមិញ រហូតដល់ទៅជាង ១០០ករណីឯណោះ និងជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតផងដែរ គិតចាប់តាំងពីជំងឺនេះ ផ្ទុះឡើងនៅក្នុងប្រទេស កាលពីខែមីនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១,១៦៥នាក់ជាករណីឆ្លងក្នុងប្រទេស និងមានតែ ៥នាក់ប៉ុណ្ណោះដែលជាករណីនាំចូលពីក្រៅប្រទេស។ នៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ អ្នកជំងឺ COVID-19 ០៣នាក់ទៀត ក៏ត្រូវបានគេរាយការណ៍បាត់បង់ជីវិតផងដែរ។ រដ្ឋធានីវៀងច័ន្ទបានរាប់រងករណីឆ្លងថ្មីៗច្រើនជាងគេ រហូតដល់ទៅ ៥៩១នាក់។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៤៤,០៦១ករណី ក្នុងនោះស្លាប់ ៧៦នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19, ប្រទេសឡាវសម្រេចបាន ៦.០៣លានដូស ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕