(តៃប៉ិ)៖ គណៈប្រតិភូនៃសភាអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា តៃវ៉ាន់មិនមែននៅតែឯងទេ ហើយបានអំពាវនាវឲ្យមានសកម្មភាពក្លាវក្លាថែមទៀត ដើម្បីពង្រឹងចំណងទាក់ទងរវាងអឺរ៉ុបនិងតៃវ៉ាន់ ស្របពេលដែលទីក្រុងតៃប៉ិ កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ៉ាហ្វាអែល គ្លូកម៉ាន់ (Raphael Glucksmann) ដែលជាសមាជិកជនជាតិបារាំងរបស់សភាអឺរ៉ុប បានថ្លែងប្រាប់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) យ៉ាងដូច្នេះថា «ពួកយើងបានមកកាន់ទីនេះ ដោយនាំមកជាមួយនូវ សារយ៉ាងច្បាស់និងសាមញ្ញមួយ គឺអ្នកមិនមែននៅតែឯងនោះទេ... អឺរ៉ុបកំពុងឈរនៅជាមួយអ្នក»

លោក គ្លូកម៉ាន់ បានបន្តថា ដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដ៏សំខាន់មួយជាលើកដំបូង ដើម្បីរួមគ្នាឆ្ពោះទៅកសាងភាពជាដៃគូ ឲ្យកាន់តែរឹងមាំខ្លាំងថែមទៀត រវាងសហភាពអឺរ៉ុបនិងកោះតៃវ៉ាន់។ ដំណើរទស្សនកិច្ចផ្លូវការខាងលើ បានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយមានរយៈពេលសរុប៣ថ្ងៃ។ វាកើតមានឡើងចំពេលដែល ចិនបានបង្កើនសកម្មភាពយោធាកាន់តែញឹកញាប់ នៅក្បែរកោះតៃវ៉ាន់ ជាពិសេសតាមរយៈការចល័តក្រុមយន្តហោះយោធា ចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា តៃវ៉ាន់មិនមានទំនាក់ទំនងការទូតលក្ខណៈផ្លូវការ ជាមួយប្រទេសអឺរ៉ុបណាមួយឡើយ លើកលែងតែបុរីរដ្ឋវ៉ាទីកង់ ប៉ុន្តែដែនកោះនេះ មានបំណងចង់ធ្វើឲ្យទំនាក់ទំនងខ្លួន ជាមួយបណ្តាសមាជិករបស់សហភាពអឺរ៉ុប កាន់តែមានភាពស៉ីជម្រៅបន្ថែមទៀត៕